ក្រុមប្រឹក្សា ខណ្ឌព្រែកព្នៅស្នើឲ្យរដ្ឋបាលខណ្ឌ រៀបចំលូដាក់ ទប់ស្កាត់រថយន្ដធន់ធ្ងន់ឡើងវិញ នៅស្ពានបឹងក្រចាប់ ក្នុងសង្កាត់ពន្សាំង

0
3164

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៥ អណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅនាព្រឹកថ្ងៃទី២៧ ខែមេសានេះ លោក អុល សំអឿន សមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានស្នើឲ្យរដ្ឋបាលខណ្ឌ ឲ្យរៀបចំឡើងវិញ នូវលូ ដែលដាក់លើទ្រូងផ្លូវ សម្រាប់ទប់ស្កាត់រថយន្ដធន់ធ្ងន់ នៅចំណុចស្ពានបឹងក្រចាប់ក្នុងសង្កាត់ពន្សាំង ព្រោះថា លូដែលដាក់បច្ចុប្បន្ននេះ រថយន្ដប្រភេទធន់ធ្ងន់ អាចបើកបរឆ្លងកាត់បាន ពុំអាចរាំងឃាត់រថយន្ដ ទាំងនោះបានឡើយ។ បើដូច្នេះទេ លោកបានស្នើ ឲ្យ ដក លូដែលដាក់នៅលើទ្រូងផ្លូវនេះចេញ ព្រោះនៅពេលមានបុណ្យទានម្ដងៗ ការដាក់លូនៅលើទ្រូងផ្លូវនេះ ធ្វើឲ្យមានការកកស្ទះចរាចរហើយពិសេសទៀតនោះក៏អាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ ដោយសារតែពុំមានសញ្ញាសំគាល់អ្វីច្បាស់លាស់នៅពេលយប់ ពិសេសអ្នកមកពីចម្ងាយ ដែលពុំសូវបានស្គាល់ភូមិសាស្ដ្រនៅទីនេះ។

ចំណែកលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក៏បានស្នើផងដែរដល់រដ្ឋបាលខណ្ឌ និងសង្កាត់ទាំង៥ សូមឲ្យជួសជុលផ្លូវក្នុងមូលដ្ឋានឲ្យបានល្អរប្រសើរ ព្រោះថានៅខែក្រោយនេះ គ្រប់គណបក្សនយោបាយទាំងអស់នឹងត្រូវធ្វើការដង្ហែរក្បួន ឃោសនារកសម្លេងឆ្នោត។ ដូចនេះយើងជាអាជ្ញាធរ មិនត្រឹមតែការពារសន្ដិសុខសុវត្ថិភាពជូនគណបក្សនយោបាយទាំងអស់ប៉ុណ្ណោះទេថែមទាំងជួសជុលកែលម្អផ្លូវក្នុងមូលដ្ឋានពិសេសផ្លូវតាមភូមិ ដើម្បីឲ្យការដង្ហែរក្បួនឃោសនារបស់គណបក្សទាំងឡាយធ្វើចរាចរដោយរលូន។

តបនិងសំណើខាងលើ លោក ទៀប យុទ្ធារម្យ ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង សណ្ដាប់ធ្នាប់បានលើកឡើងថា ស្ពានបឹងក្រចាប់ពីមុនមានទំហំតូច ក្រោយមករដ្ឋបាលខណ្ឌបានធ្វើការជួសជុលកែលម្អ ដោយពង្រីមកទំហំទទឹង២ម៉ែត្រកន្លះបន្ថែម ដែលជាមូលនិធិរបស់ខណ្ឌ ប៉ុន្ដែស្ពាននេះ អាចទ្រទំងន់បានត្រឹមតែ១០តោនប៉ុណ្ណោះ។ ដូចនេះហើយបានជាលោក អភិបាលខណ្ឌព្រែកព្នៅ សុំគោលការពីឯកឧត្តម អភិបាលរាជធានីភ្នំពេញ ដាក់លូទប់ស្កាត់ដើម្បីការពារកុំឲ្យរថយន្ដធន់ធ្ងន់ឆ្លងកាត់បាន។ ប៉ុន្ដែក្រោយមក ដោយសារ មានរថយន្ដ១មួយចំនួនពិសេសរថយន្ដដឹកដី បានបើកបរប៉ះពារលូនេះម្ដងបន្ដិចៗ ធ្វើឲ្យចន្លោះរនាំង លូនេះ កាន់តែរីកធំទៅៗ ធ្វើឲ្យរថន្ដគ្រប់ធន់បើករគ្មានទើស។

លោក ប្រធានការិយាល័យសាធារណការ បានបញ្ជាក់ជូនថា លូនេះមិនអាចដកបានឡើយ គឺត្រូវរៀបចំឡើងវិញ ដោយទុកចន្លោះឲ្យត្រឹមតែរថយ្ដ កូរ៉េ ចំណុះ២តោន កន្លះអាចបើកបរឆ្លងកាត់បាន លើសពីនេះគឺមិនអនុញ្ញាត្តិ ឡើយ ដើម្បីរក្សា គុណភាពស្ពានឲ្យប្រើប្រាស់បានយូរទៅតាមអាយុកាលនៃសំណង់។

លោក ជា ខេម៉ា អភិបាលស្ដីទីខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា កន្លងមកនេះ រដ្ឋបាលខណ្ឌបានយកចិត្តខ្ពស់ ក្នុងការរៀបចំរបៀបរៀបរយតាមដងផ្លូវសំខាន់ៗ ការជួសជុលកែលម្អផ្លូវ ក្នុងមូលដ្ឋាន មានផ្លូវ១៥១ ផ្លូវលេខ៤២ និងផ្លូវតាមបណ្ដាសង្កាត់ជាច្រើនទៀត។ ជាមួយនេះលោក អភិបាលស្ដីទី បានណែនាំ ឲ្យមន្ដ្រីជំនាញ និងរដ្ឋបាលសង្កាត់ បន្ដខិតខំបន្ថែមទៀតក្នុងជួសជុលកែលម្អ និងថែទាំផ្លួវ ស្ពាន ក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរថែមទៀត៕

Facebook Comments
Loading...