កាត់ទោសអ្នកជំនួញចិនដែលបើកកន្លែងសេពគ្រឿងញៀន ប៉ុន្តែជនត្រូវចោទបដិសេធចំពោះគ្រឿងញៀនមួយចំនួនទៀតដែលសមត្ថកិច្ចរកឃើញក្នុងខុនដូរ

0
3610

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី យិច ឈាណាវី បានបើកសវនាការកាត់ទោសបុរសជនជាតិចិនម្នាក់ដែលជាប់ពាក់ព័ន្ធនិងជំនួញគ្រឿងញៀនខុសច្បាប់ ប៉ុន្តែសូមបដិសេធចំពោះគ្រឿងញៀនមួយចំនួនទៀតដែលសមត្ថកិច្ចរកឃើញនៅក្នុងខុនដូរនោះ។

ជនជាប់ចោទដែលតុលាការកម្ពុជាកាត់ទោសនេះឈ្មោះ Chen xin zhuang ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅប្រទេសចិន ជាម្ចាស់ខុនដូរជួលមួយកន្លែងមានទីតាំងស្ថិតនៅផ្លូវលេខ៩៥ ក្នុងសង្លាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមអំណានលោកស្រីចៅក្រម យិច ឈាណាវី លោក Chen xin zhuang ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ « ជួញដូរ បទសម្រួលអោយប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន បទរក្សាទុក កាន់កាប់អាវុធគ្មានច្បាប់អនុញាត បទបំពានវិធានការរដ្ឋបាលដើម្បីការពារការឆ្លងជំងឺកូវីដ១៩ » ។

ប្រឈមមុខការចោទប្រកាន់ទាំង ជនជាប់ចោទបានបដិសេធចំពោះការរកឃើញគ្រឿងញៀន និងកាំភ្លើងនៅក្នុងខុនដូររបស់គេពីសំណាក់សមត្ថកិច្ចកម្ពុជា ប៉ុន្តែបានទទួលស្គាល់ការបំពានលើបំរាមវិធានការរដ្ឋបាល។

លោក Chen xin zhuang បានសារភាពថា ខ្លួនបានជួលខុនដូរមួយកន្លែងនៅជាន់ទី៧ទី៨និងទី៩ ដើម្បីបើកខារាអូខេនៅជាន់ទី៧ បើកកន្លែងទទួលភ្ញៀវផឹកតែនៅជាន់ទី៨ និងបើកកន្លែងវាយកូនហ្គោលនៅជាន់ទី៩ ក្នុងតម្លៃ១ខែ១៣ ០០០ដុល្លារ។ លុះដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក៏ត្រូវបានសមត្ថកិច្ចកម្ពុជាចុះទៅចាប់ខ្លួនខណៈកំពង់រៀបចំខួបកំណើតអោយមិត្តភ័ក្រ នៅជាន់ទី៧។

នៅក្នុងសវនាការជនជាប់ចោទបានសារភាពថាខ្លួនបានទៅទិញគ្រឿងញៀននៅខាងក្រោយវាំងដើម្បីទុកប្រើប្រាស់ខ្លួនឯង និងបានទិញកាំភ្លើងខ្លីមួយដើមពីបុរសម្នាក់ក្នុងតម្លៃ៥០០ដុល្លារមកទុកក្នុងទូរដែក ប៉ុន្តែសូមបដិសេធចំពោះគ្រឿងញៀនមួយចំនួនទៀតដែលសមត្ថកិច្ចរកឃើញនៅក្នុងខុនដូរនោះ ព្រោះខ្លួនគេបានជួលបន្ទប់ខារាអូខេអោយអ្នកផ្សេងធ្វើអាជីវកម្ម។

កញ្ញា សុង ឆវ័ន្ត ជាតំណាងអយ្យការបានបញ្ជាក់ថាជនជាប់ចោទមិនមានភស្តុតាងផ្ទុយដើម្បីបង្ហាញពីភាពសុច្ចរិតទេ និងស្នើអោយក្រុមប្រឹក្សាតុលាការសម្រេចតាមច្បាប់។ លោកស្រីចៅក្រម យិច ឈាណាវី បានកំណត់យកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ខាងមុខដើម្បីប្រកាសសាលក្រម៕

Facebook Comments
Loading...