រថយន្តគ្រូបង្រៀន បន្ទាប់ពីត្រឡប់ជូនប្រពន្ធទៅផ្ទះ បានបោលទម្លុះចូលក្នុងហាងអ៊ុតសក់ សម្ផស្សនារី តែសំណាងល្អម្ចាស់ហាងដេកខាងក្រោយ

0
14777

កំពត ៖ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ មានករណី រថយន្តកាមារី បាឡែនបានបោលទម្លុះ ចូលដល់ក្នុងហាងអ៊ុតសក់ សម្ផស្សនារី ស្ថិតនៅផ្លូវអក្សរ T ដែលជាចំណុចផ្លូវបំបែកជាបី ស្ថិតនៅភូមិបឹងធំ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត តែសំណាងល្អ ម្ចាស់ហាង មិនមានគ្រោះថ្នាក់។

មន្ត្រីនគរបាលសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកកំពង់ត្រាច បាននិយាយថា រថយន្តកាមរីមួយគ្រឿងនោះ បានបើកនៅលើកំណាត់ផ្លូវជាតិលេខ៣១ បើកពីជើង មកត្បូង។ ស្រាប់តែបើកមកដល់ផ្លូវបំបែកជាបីរថយន្តនោះ មានគោលបំណងបើកចូលផ្លូវជាតិលេខ៣៣ គឺទិសដៅទៅលិចវិញ តែអ្នកបើកបរមិនដឹងជាងងុយមួយភាំង ឬក៏មិនដឹងភូមិសាស្ត្រ ក៏បើកផុតផ្លូវ បុករបាំងលក់ដូរ ចូលទៅដល់ក្នុងផ្ទះ ដែលជាហាងអ៊ុតសក់ បណ្ដាលអោយសម្ភារៈលក់ដូរ ក៏ដូចជារបស់របរ សម្រាប់លម្អរអ៊ុតសក់សម្រស់នារី រងការខូចខ្ទេចខ្ទី។

មន្ត្រីនគរបាលរូបនោះ បាននិយាយថា រថយន្តបង្កហេតុ បោលចូលផ្ទះអ្នកមានរបរអ៊ុតសក់នេះ ជារបស់គ្រូបង្រៀន បានយកប្រពន្ធ នៅស្រុកអង្គរជ័យ ហើយបើករថយន្តត្រឡប់ ទៅខេត្តព្រះសីហនុវិញ។មន្ត្រីនគរបាល បាននិយាយថា ករណីគ្រោះចរាចរណ៍ ដែលបង្កឡើងដោយលោកគ្រូបង្រៀនម្នាក់ មានស្រុកកំណើតនៅខេត្តព្រះសីហនុ បើករថយន្ត ចូលផ្ទះប្រជាពលរដ្ឋ នៅភូមិបឹងធំនោះ បានធ្វើការដោះស្រាយចប់ហើយ ដោយម្ចាស់រថយន្ត ជួយចេញថ្លៃការខូចខាតផ្ទះ ដែលបាក់បែក និងសម្ភារៈលក់ដូរ ចំនួន ៣០០០ដុល្លារ ដើម្បីបញ្ចប់រឿង។

នគរបាលបាននិយាយថា នេះសំណាងហើយ ម្ចាស់ផ្ទះបាននាំគ្នា ទៅដេកនៅផ្ទះខាងក្រោយ ព្រោះតែកន្លងមក ករណីរថយន្ត បុកផ្ទះប្រជាពលរដ្ឋ នៅផ្លូវបំបែកជាបីនេះ កើតមានជាញឹកញាប់។ ប្រជាពលរដ្ឋបានលើកជាសំណូមពរ សូមអាជ្ញាធរ ធ្វើរង្វង់មូលមួយ នៅត្រង់ចំណុចផ្លូវថ្នល់បំបែកជាបីនេះ ទើបលែងមានគ្រោះថ្នាក់តទៅទៀត៕សហការី

Facebook Comments
Loading...