ករណីបាក់ច្រាំងទន្លេនៅភូមិព្រែកតាគង់ មិនទាន់ដឹងមូលហេតុ ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះ មានការព្រួយបារម្មណ៍យ៉ាងខ្លាំង

0
356

ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប្រាប់តាមរយះប្រព័ន្ធសារអេឡិចត្រូនិច Telegram ថា លោកមិនទាន់ដឹងមូលហេតុដែរជុំវិញការបាក់ច្រាំងទន្លេសាប នៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តែលោកបានជម្រាបទៅមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងផ្តល់ដំណឹងទៅអាជ្ញាធរខណ្ឌជ្រោយចង្វាររួចហើយ។

ទាក់ទិនទៅនិងការបាក់ច្រាំងទន្លេ នៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រជាពលរដ្ឋរៀបរាប់អោយដឹងថា លំនៅឋានប្រជាពលរដ្ឋពីរទៅបីគ្រួសារហើយ បានកំពុងរងផលប៉ះពាល់ដោយសារបាក់ច្រាំងទន្លេ ដែលពីមុនមក មិនដែលជួបប្រទះសោះឡើយ។

ប្រជាពលរដ្ឋប្រាប់ទៀតថា ការបាក់ច្រាំងទន្លេសាប គឺបាក់តាំងពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ មកម៉្លេះ ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះ មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ដោយសារការបាក់ទន្លេនេះកំពុងររងផលប៉ះពាល់ទៅដល់ផ្លូវបេតុងបណ្តើរៗហើយ អាចនឹងប្រឈមខូចខាតបាក់ផ្លូវទាំងស្រុង ប្រសិនបើមិនមានការស្ថាបនារួសរាន់។

ប្រជាពលរដ្ឋរៀបរាប់អោយដឹងទៀតថា ដំណឹងនេះពួកគាត់បានរាយការណ៍ជូនភូមិ និងលោកចៅសង្កាត់រួចហើយ ប៉ុន្តែមិនដឹងថា មានការជួសជុល ស្ថាបនាច្រាំងទន្លេនៅថ្ងៃណានោះដែរ។ ទោះបីមានសេចក្តីរាយការណ៍ជូនអាជ្ញាធររួចហើយក្តី តែក្តីបារម្មណ៍របស់ពួកគាត់នៅតែមានជាប់ជានិច្ច ដោយចេះតែខ្លាចបាក់ដាច់ដល់ផ្លូវបេតុង គ្មានផ្លូវធ្វើដំណើរទៅមក។

ដោយបញ្ហានេះអ្នកភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សូមស្នើទៅដល់អាជ្ញាធរ ស្ថាប័ន មន្ទីរ ពាក់ព័ន្ធ ជាពិសេមន្ត្រីជំនាញ សូមរួសរាន់ជួយជួសជុល ស្ថាបនា អោយបានលឿន ជៀសវាងបាក់ច្រាំងទន្លេសាបកាន់តែធ្ងន់ធ្ងរទៅៗ នាំអោយប៉ះពាល់កាន់តែខ្លាំង ខណៈដែលពួកគាត់កើត និង រស់នៅតំបន់នេះរាប់សិបឆ្នាំមកហើយ មិនដែលជួយប្រទះសោះ តើកើតឡើងដោយសារមូលហេតុអ្វីអោយពិតប្រាកដ?៕

Facebook Comments
Loading...