អ្នកចិញ្ចឹមសត្វក្រពើម្នាក់ ភ្លាត់ស្នៀត ធ្លាក់ចូលអាងក្រពើ ត្រូវសត្វក្រពើខាំ ជាច្រើនកន្លែងបណ្តាលអោយរងរបួស

0
5047

សៀមរាប ៖ បុរសម្នាក់ជាមាន មុខរបរជាមន្ត្រីរដ្ឋបាលសាលាស្រុកពួក និងមានមុខរបបមួយទៀតជា អ្នកមើលថែចិញ្ចឹមសត្វក្រពើ ត្រូវសត្វក្រពើបោក ខាំជាច្រើនកន្លែងបណ្តាលអោយរងរបួសធ្ងន់ធ្ងរ ហេតុការណ៍នេះកើតឡើងនៅវេលានៅចន្លោះម៉ោង១យប់រំលងអធ្រាតឆ្លងចូលថ្ងៃចន្ទទី១៨ ខែមេសា ឆ្នាំ២០២២ ចំណុចទ្រុងក្រពើស្ថិតនៅ ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

អភិបាលស្រុកពួកលោក ស៊ិន ចាន់ថុល បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២២នេះថា ជនរងគ្រោះឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងមុខរបរជាមន្ត្រីរដ្ឋបាលសាលាស្រុកពួក ត្រូវបានសត្វក្រពើខាំ និងបោក បណ្ដាលរងរបួសជាច្រើនកន្លែង។ ក្រោយកើតហេតុភ្លាមៗ បុរសរូបនេះ ត្រូវបានក្រុមគ្រួសារដឹក យកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក៏ប៉ុន្តែដោយសារសភាពធ្ងន់ពេក ក៏ត្រូវបានគ្រួសារដឹកទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត នារាជធានីភ្នំពេញវិញ។

លោកបានបន្ថែមថា បន្ទាប់ពីមានការភ្ញាក់ផ្អើលពាក់ព័ន្ធនឹងបញ្ហានេះមក កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រួចសួរនាំក្រុមគ្រួសារជនរងគ្រោះ។ ក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ជារាងរាល់ថ្ងៃ  ជនរងគ្រោះ ជាប្តី ឈ្មោះ (ស៊ូ សុធា) ជាអ្នកមើលថែទាំ ការចិញ្ចឹមសត្វក្រពើ និងដេកចងអង្រឹងនៅលើរោងទ្រុងក្រពើតែម្នាក់ឯង។ នៅល្ងាចថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ ជនរងគ្រោះ និងក្រុមគ្រួសារ បានជួបជុំគ្នាផឹកស្រាអស់ស្រាបៀរចំនួន ១ កេះ ហើយក៏បែកគ្នាទៅដេករៀងៗខ្លួន។ ចំណែកជនរងគ្រោះ បានឡើងទៅដេកនៅរោងលើទ្រុងក្រពើ លុះនៅម៉ោងចន្លោះ ១ និង ០០នាទីរំលងយប់អាធ្រាត ក៏បានលឺសំឡេងជនរងគ្រោះស្រែកឲ្យជួយ ហើយលឺដល់អ្នកផ្ទះជិតខាង និងអ្នកផ្ទះ ក៏នាំគ្នាក្រោកទៅមើល នៅចំណុច រោងដេកលើទ្រុងក្រពើ បានឃើញជនរងគ្រោះធ្លាក់ចូលក្នុងអាងទឹកក្រពើ ត្រូវបានសត្វក្រពើខាំបោកទាញ ហើយនាំគ្នាយកឈើជួយវាយសង្គ្រោះ ដើម្បីយកជនរងគ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

លោកអភិបាលស្រុកពួក បានបញ្ជាក់ទៀតថា ក្រោយកើតហេតុ មន្ត្រីរបស់លោកបានចុះពិនិត្យដល់កន្លែងកើតហេតុ ឃើញថា ទ្រុងចិញ្ចើមសត្វក្រពើ មានច្រើនអាងជាប់គ្នាច្រើន។ ដោយឡែកទ្រុងជនរង គ្រោះ ធ្លាក់ចូល គឺទ្រុងទំហំ ១០ម៉ែត្រ × ១២ម៉ែត្រ អាងទឹកទំហំ ៧ម៉ែត្រ × ៨ម៉ែត្រ។ ក្នុងនោះ សត្វក្រពើ ប្រភេទមេពូជ និងក្រពើឈ្មោល ចំនួនជាង ២០ក្បាល(ធំៗ)។

តាមការសន្និដ្ឋានរបស់នគរបាលជំនាញ បានឲ្យដឹងថា ជនរងគ្រោះអាចក្រោកទៅនោម ហើយរអិលជើងធ្លាក់ចូលក្នុង អាងចិញ្ចឹមសត្វក្រពើ។ បច្ចុប្បន្នជនរងគ្រោះ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនោះ កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត នារាជធានីភ្នំពេញ៕

Facebook Comments
Loading...