លោកហ៊ុន ម៉ានី ! កម្លាំងប្រជាការពារ បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត គឺដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពល​រដ្ឋ

0
30180

ភ្នំពេញ ៖ ក្នុងពិធីអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់កងកម្លាំងសន្តិសុខ របស់រាជធានីភ្នំពេញចំនួន ៧៣៤នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២២នេះ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា កម្លាំងប្រជាការពារ បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដោយមិនបានគិតថា ពេលយប់ ឬពេលថ្ងៃឡើយ គឺមានគោលដៅតែមួយគត់ នោះគឺដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពល​រដ្ឋ។

លោក ហ៊ុន ម៉ានី លើកឡើងទៀតថា ប្រជាការពារនៅរាជធានីភ្នំពេញ បានលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត មិនថាយប់ ថ្ងៃ ក្តៅរងា ឬមានភ្លៀង ធ្លាក់នោះទេ ពួកគាត់តែងបំពេញការងារមិនខ្លាចនឿយហត់ឡើយ ក្នុងគោលបំណងតែមួយគត់ គឺរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ របៀបរៀបរយនៅក្នុងរាជធានីភ្នំពេញ ពិសេសគឺរក្សាឲ្យបាន ភូមិ ឃុំ មានសុវត្ថិភាព។

ជាងនេះទៅទៀតលោកក៏បានបញ្ជាក់ផងដែរថា ប្រជាការពារការ សម្រាប់ថ្នាក់ដឹកនាំពិតជាបានដឹង និងនៅជាមួយ ប្រជា​ការពារជានិច្ច ដើម្បីរួមគ្នាជាធ្លុងមួយក្នុងទិសដៅតែមួយគត់ គឺរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយនិងធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព។

ក្នុងឱកាសនោះផងដែរ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ ដែរថា សម្រាប់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺតែងតែចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាការពារ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធជានិច្ច ដែលនេះជាការបង្ហាញឲ្យឃើញ អំពីមនោសញ្ជេនាស្រឡាញ់រាប់អាន ការផ្ដល់តម្លៃ និងការគិតគូរជាប្រចាំសម្រាប់មន្ត្រីក្រោមឱវាទ ពិសេសគឺប្រជាការពារនៅរាជធានីភ្នំពេញ។

លោកបន្តថា ចលនាប្រជាការពារគឺជាកម្លាំងស្ម័គ្រចិត្ត ដើម្បីរួមចំណែកការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានសង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ។ កម្លាំងប្រជាការពារ ជាជំនួយការការងារយ៉ាងសំខាន់ របស់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ទៅលើការងារមួយចំនួនដូចជា៖ ការងារសម្រួលចរាចរណ៍ ការសំ​អាតអនាម័យបរិស្ថាន ជាមួយនឹងការងារសង្គ្រោះបឋមផងដែរ។

បន្ថែមពីលើនេះទៀត ប្រជាការពារ ក៏ជាអ្នកប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាផងដែរ ទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកអភិបាលបន្ថែមទៀតថា សកម្មភាពខាងលើរបស់លោក ហ៊ុន ម៉ានី នេះ គឺពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រទៅលើកម្លាំងប្រជាការពារទាំងអស់នៅរាជធានីភ្នំពេញ។

សូមជម្រាបថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនប្រជាការពារខាងលើនេះមានចំនួន ៧៣៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ក មី ត្រីខ ទឹកស៊ីអ៊ីវ និងថវិកា ៨ម៉ឺនរៀល៕

Facebook Comments
Loading...