សត្វជ្រូករស់ជាច្រើនក្បាល ដឹកចេញពីវៀតណាមគ្មានច្បាប់អនុញ្ញាត សង្ស័យមានការប្រព្រឹត្តអំពើពុករលួយ ពីមន្ត្រីព្រំដែនច្រក

0
3273

តាកែវ ៖ សត្វជ្រូករស់ជាច្រើនក្បាល ដឹកចេញពីប្រទេសវៀតណាម គ្មានច្បាប់អនុញ្ញាតអ្វីទាំងអស់ បានឆ្លងកាត់ច្រក កំណប់កែវ ស្រុកគិរីវង់ ខេត្តតាកែវ បានយ៉ាងរលូនសង្ស័យមានការប្រព្រឹត្តអំពើពុករលួយ ពីមន្ត្រីព្រំដែនច្រក ត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឃាត់បាននៅលើផ្លូវជាតិលេខ១២៨ ភូមិត្រពាំងព្រីង ឃុំព្រៃអំពក ស្រុកគីរីវង់។

សមត្ថកិច្ចប្រាប់អោយដឹងថា កាលពីវេលាម៉ោង៥ ទៀបភ្លឺ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នេះ ក្រោមការបញ្ជាដោយផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចាត់ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ចុះស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាក Hyundai ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ៣,៥តោន ពាក់ស្លាកលេខតាកែវ ៣A-៤៣៦០ ដឹកសត្វជ្រូករស់ ចំនួន៤៨ក្បាល ដោយដឹកចេញពីប្រទេសវៀតណាមតាមច្រក កំណប់កែវ ស្រុកគីរីវង់ ខេត្តតាកែវ បម្រុងនឹងយកទៅចែកចាយនៅខេត្តតាកែវផ្ទាល់ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

តាមប្រភពព័ត៌មាន បានអោយដឹងបន្តថា ក្រុមការងារបានឃាត់ឡានមួយគ្រឿងនេះ នៅលើផ្លូវជាតិលេខ១២៨ ភូមិត្រពាំងព្រីង ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ពេលនេះ ក្រុមការងារបាននាំយកបទល្មើស និង វត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ កាលដែលសត្វជ្រូករស់ជាច្រើនក្បាលនេះ អាចដឹកឆ្លងកាត់ ច្រកកំណប់កែវ ស្រុកគីរីវង់ ខេត្តតាកែវ បានយ៉ាងរលូនបែបនេះសង្ស័យមានការប្រព្រឹត្តអំពើពុករលួយ ពីមន្ត្រីព្រំដែនច្រក សង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធ នឹងមានការស៊ើបអង្កេតករណីនេះ៕

Facebook Comments
Loading...