បុរសម្នាក់ខឹងប្រពន្ធ បើករថយន្តចេញពីផ្ទះលឿនដូចហោះ បុករះម៉ូតូចំនួន២គ្រឿងបណ្តាលឲ្យមនុស្សជាច្រើនាក់រងរបួស

0
300

ភ្នំពេញ ៖ បុរសម្នាក់បានខឹងជាមួយប្រពន្ធ បានព្យាយាម បើករថយន្តចេញពីផ្ទះលឿនដូចហោះ ជ្រុលទៅ បុករះម៉ូតូអស់ចំនួន២គ្រឿង បណ្ដាលឲ្យដួលបោកទៅនឹងផ្លូវរងរបួសធ្ងន់ ពីរនាក់ និងស្រាលពីរនាក់ រួចបើកទ្វាគេចខ្លួនបាត់។ ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមប្រភពព័ត៌មានបានបញ្ជាក់ពីតំណាងម្ចាស់រថយន្ត បង្ក ពេលចុះមកដោះស្រាយ បានអោយដឹងថា នៅមុនពេលកើតហេតុ ដោយសារបុរសជាប្តីដែលជាអ្នកបើករថយន្ត បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយនឹងប្រពន្ធរបស់គាត់ បន្ទាប់មកក៏បានបើករថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2K-7063  តែម្នាក់ឯង ចេញពីផ្ទះចូលទៅផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ដោយបោះពួយយ៉ាងលឿន ហើយក៏បានជ្រុលទៅបុករះម៉ូតូពីរគ្រឿង ដែលជិះនៅខាងមុខ ដោយម៉ូតូទី១ ម៉ាកស្កុបពី ជិះដោយស្ដ្រីពីរនាក់ក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យដួលរងរបួសស្រាល។រីឯអ្នករថយន្តបង្កវិញ បានចុះពីលើរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបន្តថា ចំណែកម៉ូតូទី២ ម៉ាកស៊ុយស៊ូគីវីវ៉ា ជិះមានគ្នាពីរនាក់ឪពុកនិងកូនបណ្ដាលឲ្យដួលបោកទៅនឹងផ្លូវរងរបួសធ្ងន់ទាំងពីរនាក់ ហើយត្រូវរថយន្តឯកជនទៅដល់បំរុងនឹងលើកយកជនរងគ្រោះទៅសង្គ្រោះ តែជនរងគ្រោះទាំងពីរនាក់ឪពុកនិងកូនមិនព្រមឡើងលើរថយន្តទៅសង្គ្រោះទេ។ បន្ទាប់មកក៏មានតំណាងខាងម្ចាស់រថយន្តបង្ក បានចេញមុខមកសំរបសំរួល និងដោះស្រាយជាមួយនឹងម្ចាស់ម៉ូតូទាំងពីរគ្រឿងនៅនឹងកន្លែងកើតហេតុតែម្តង។  ក្រោយពេលកើតហេតុ ដោយមានខាងតំណាងភាគីខាងម្ចាស់រថយន្តបង្ក ចេញមុខមកសំរបសំរួលគ្នា ដោះស្រាយបញ្ចប់នៅកន្លែងកើតហេតុ ដោយជួយចេញថ្លៃព្យាបាលរបួស និងថ្លៃជួសជុលម៉ូតូទាំងសងខាង បន្ទាប់មកម្ចាស់ម៉ូតូរងគ្រោះទាំងពីរគ្រឿង ក៏បានទៅអស់រៀងៗខ្លួន តែម្តង៕ សហការី

Facebook Comments
Loading...