អភិបាលខណ្ឌព្រែកព្នៅ ជំរុញឲ្យសង្កាត់ទាំង៥ បង្កើនការយកចិត្ដទុកដាក់បន្ថែមទៀត លើការផ្ដល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ

0
3084

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការខណ្ឌព្រែកព្នៅ នារសៀល ថ្ងៃទី២៨ ខែមិនា លោក សុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាព ខណ្ឌព្រែកព្នៅជម្រុញឲ្យសាលាសង្កាត់ទាំង៥ ត្រូវបង្កើនការយកចិត្ដទុកដាក់ បន្ថែមទៀត ក្នុងការផ្ដល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ។

លោក សុខ សម្បត្តិ បានបញ្ជាក់ថា បញ្ហាសេវាសាធារណៈ គឺជាតម្រូវការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋដូចនេះអ្នកដែលមានតួនាទីលើកិច្ចការនេះត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ ដូចជាការងារអត្រានុកូលដ្ឋាន ពេលមានទារកកើត ឬមានមនុស្សស្លាប់ជាដើម មន្រី្ដដែលអនុវត្តកិច្ចការនេះ ត្រូវចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋដើម្បីបំពេញឯកសារជូនគាត់ កុំឲ្យពួកគាត់មានការលំបាក។

លោក ប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានលើកឡើងថា សេវាសាធារណៈ គឺជាចំណុចដ៏សំខាន់១ ក្នុងចំណោមចំណុចទាំង៧ នៃគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ដែលកំណត់ដោយអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃនាពេលកន្លងទៅ។ ដូចនេះហើយបានជាកន្លងមក ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យសង្កាត់និមួយៗ ក្នុងរាជធានីភ្នំពេញ ដាក់មន្ដ្រីប្រចាំការ ចាំធ្វើបដិសណ្ឋារកិច្ចចាំ ទទួលប្រជាពលរដ្ឋដែលមករកសេវាសាធារណៈ នៅសង្កាត់ ព្រោះថា ប្រជាពលរដ្ឋគាត់ពុំសូវយល់ពីរបៀបរបប នៃការមករក សេវានោះទេ ពេលមានអ្នកធ្វើបដិសណ្ឋារកិច្ច សួរនាំ ផ្ដល់ព៌តមានជូនគាត់ និងនាំគាត់ទៅរកកន្លែង ដែលត្រូវផ្ដល់សេវា ធ្វើឲ្យគាត់មានភាពងាយស្រួល។ ជាមួយនេះអ្នកដែលធ្វើបដិសញ្ឋារកិច្ច មិនត្រូវធ្វើមិនដឹងមិនឮ ឬជំរឹតទារប្រាក់ពីអ្នកមករកសេវា ធ្វើឲ្យប្រជាពលរដ្ឋ មានការលំបាក ខឹងសម្បានោះឡើយ។

លោកអភិបាលខណ្ឌ បានលើកឡើងដែរថាកន្លងមក មានមន្ដ្រី១រូបនៅក្នុងសង្កាត់១នៃខណ្ឌព្រែកព្នៅ បានប្រព្រឹត្ដិខុសឆ្គងក្នុងការធ្វើបដិសណ្ឋារកិច្ច បង្កការលំបាក លើការងារផ្ដល់សេវាជូនប្រជាពលរដ្ឋ ប៉ុន្ដែឥឡូវខណ្ឌបានបញ្ជាឲ្យសង្កាត់ដកមន្ដ្រីរូបនោះចេញហើយ។

លោក អភិបាលខណ្ឌ បញ្ជាក់ថា យើងជាមន្ដ្រីរាជការ ស៊ីប្រាក់ខែរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋ សម្រាប់ក្រុមប្រឹក្សាសង្កាត់ ដែលមានឋានៈនិងតួនាទីនៅពេលនេះគឺដោយសារមានការគាំទ្រពីប្រជាពលរដ្ឋ ប្រជាពលរដ្ឋបោះឆ្នោតឲ្យ ដូចនេះដើម្បីជាការឆ្លើយតប ត្រូវតែខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព បម្រើគាត់វិញទៅតាមតួនាទីរបស់ខ្លួន ទើបគាត់បន្ដគាំទ្រយើងទៀត៕

Facebook Comments
Loading...