ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅស្នើឲ្យរដ្ឋបាលខណ្ឌ ចាត់វិធានការចំពោះសំណង់ដែលគ្មានច្បាប់នៅក្នុងមូលដ្ឋាន

0
423

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២នេះ លោក អុល សំអឿន សមាជិកាក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានលើកឡើងថា តាមព៌តមានពីប្រជាពលរដ្ឋ និងតាមរយៈរបាយការណ៍ប្រចាំខែរបស់រដ្ឋបាលខណ្ឌបានបង្ហាញថា ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅមានសំណង់១ចំនួនដែលកំពុងដំណើរការសាងសង់ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ បើអាជ្ញាធរបណ្ដែតបណ្ដោយ ឲ្យសំណង់ទាំងនោះកើតឡើងតទៅទៀតនោះ គឺជាការបន្ដនូវប្រពៃណីមិនល្អ ក៏ដូចជាការមើលស្រាលដល់អាជ្ញាធរផងដែរ។ ដូចនេះលោក បានស្នើដល់រដ្ឋបាលខណ្ឌចាត់វិធានការទប់ស្កាត់ សំណង់គ្មានច្បាប់ទាំងនោះកុំឲ្យដំណើរការតទៅទៀត។

ឆ្លើយតបទៅនឹសំណើរខាងលើ លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យដែនដីនគររូបនីយកម្ម សំណង់និងភូមិបាល ខណ្ឌព្រែកព្នៅមានប្រសាសន៍ថា អ្វីដែលរីកចំរើនជាងគេ១រយៈចុងក្រោយនេះនៅក្នុងខណ្ឌព្រែកព្នៅគឺវិស័យសំណង់ ទោះជាស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩វាយលុកខ្លាំងក្ដី ក៏ដំណើរ ការសាងសង់ សំណង់ ក្នុងខណ្ឌព្រែកព្នៅ នៅតែមានសកម្មភាពផុលផុស។

លោក ប្រធានការិយាល័យដែនដីបានបន្ដថា ក្រោយពីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ បានធ្វើប្រតិភូកម្ម ទម្លាក់ឲ្យ រដ្ឋបាលខណ្ឌ អនុញ្ញាតិច្បាប់សាងសង់ សំណង់ ក្រោម៥០០ម៉ែត្រការ៉េ រួចមក កត់សម្គាល់ឃើញថាមានម្ចាស់សំណង់១ចំនួនតូចប៉ុណ្ណោះដែលមិនបានសុំច្បាប់។ តែសំណង់ទាំងនោះត្រូវបានមន្ដ្រីជំនាញចុះទៅណែនាំឲ្យម្ចាស់ទៅសុំច្បាប់ជាបន្ដបន្ទាប់។ ចំណែកម្ចាស់សំណង់ភាគច្រើន រត់មកសុំច្បាប់ ដោយគោរពទៅតាមរូបនីយកម្មបញ្ញាត្តិ តែគាត់តែងតែ តសំយ៉ាបមកខាងមុខ រំលោភលើចំណីផ្លូវដែលជាដីសាធារណៈរបស់រដ្ឋ។

ជាងនេះទៅទៀតលោកប្រធានការិយាល័យ បានសំណូមពរដល់ រដ្ឋបាលសង្កាត់ សូមចូលរួមទប់ស្កាត់ដោយចុះណែនាំម្ចាស់សំណង់ឲ្យធ្វើកិច្ចសន្យា ដោយជំរាបជូនគាត់ថា សំយ៉ាបដែលគត់បានតមកខាងមុខនេះគឺជាការរំលោភលើដីសាធារណៈហើយឲ្យគាត់បានដឹង នៅពេលដែលរដ្ឋត្រូវការគឺពួកគាត់ត្រូវតែរុះរើ មិនអាចតវ៉ាបានឡើយ។

ក្នុងឱកាសនោះលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងដែរថា ឥឡូវនេះនីតិវិធីមានការប្រែប្រួលសម្រាប់ការសាងសង់បុរី គឺត្រូវទៅសុំច្បាប់នៅក្រសួង រដ្ឋបាលខណ្ឌពុំមានសិទ្ធអនុញ្ញាតិឡើយ។ ចំពោះបុរីធំៗ បុរីខ្លះសាងសង់ មុនច្បាប់អនុញ្ញាតិ តែទោះជាយ៉ាងណា រដ្ឋបាលខណ្ឌ មិនដែលព្រងើយកន្ដើយឡើយ គឺតែងតែបញ្ជូនមន្ដ្រីជំនាញ ឲ្យចុះជាប្រចាំរៀងរាល់សប្ដាហ៍ ដើម្បីជំរុញនិងណែនាំឲ្យម្ចាស់បុរី ធ្វើកិច្ចសន្យាទទួលខុសត្រូវ ចំពោះមុខច្បាប់ក្នុងករណីមានបញ្ហាកើតមានឡើង។

លោក អភិបាលខណ្ឌ បានណែនាំដល់ ការិយាល័យជំនាញពាក់ព័ន្ធថ្នាក់ខណ្ឌ ត្រូវបន្ដប្រមូលផ្ដុំ ប្រជុំត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ត្រូវយកចិត្តទុកដាក់លើការងារនេះដោយធ្វើកិច្ចសហការរវាង មន្ដ្រីជំនាញថ្នាក់ខណ្ឌ ជាមួយសង្កាត់ទាំង៥ដែលជាម្ចាស់មូលដ្ឋាន ជួយផ្សព្វផ្សាយដល់ម្ចាស់សំណង់ឲ្យទៅសុំច្បាប់ អនុញ្ញាតិឲ្យបានគ្រប់ៗគ្នា ដោយសំណង់ផ្ទះល្វែង ទំហំ៥០០ម៉ែត្រការ៉េចុះគឺសុំច្បាប់ត្រឹមរដ្ឋបាលខណ្ឌ អស់សេវាតាមទំហំគឺអាចត្រឹមតែ២០ម៉ឺនរៀលទៅ៨០ម៉ឺនរៀលប៉ុណ្ណោះ៕

Facebook Comments
Loading...