ឯកឧត្តម ខៀវ កាញារីទ្ធ ៖«មន្ត្រីរាជការកុំយកអ្នកកាសែតធ្វើជាសត្រូវ ពេលមានការសួរនាំពីអ្នកសារព័ត៌មាន ត្រូវចេះសហការផ្តល់ព័ត៌មានជូនគ្នាទៅវិញទៅមក

0
463

កោះកុង ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន «មន្ត្រីរាជការកុំយកអ្នកកាសែតធ្វើជាសត្រូវ ពេលមានការសួរនាំពីអ្នកសារព័ត៌មាន ពោលត្រូវរួមសហការគ្នាក្នុងការផ្តល់ព័ត៌មានជូនគ្នាទៅវិញទៅមក ទើបព័ត៌មានមានភាពជោគជ័យ និងសុក្រិត្យ»។

ការថ្លែងរបស់លោក រដ្ឋមន្ត្រីបានធ្វើឡើង ក្នុងពិធី និងសិក្ខាសាលាស្តីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន កាលពីម្សិលមិញ  នៅខេត្តកោះកុង ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងបន្តថា ក្រសួងព័ត៌មានបានឯកភាព និងបន្តចូលរួមខំដំណោះស្រាយបញ្ហាប្រឈម និងកង្វះខាតនានា។ មួយវិញទៀតសូមប្រធានមន្ទីរ អង្គភាព បង្កើតអ្នកនាំពាក្យសម្រាប់ឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងអ្នកនាំពាក្យរដ្ឋបាលខេត្ត នាងស្រួលក្នុងការទំនាក់ទំនងសាធារណៈ ហើយត្រូវផ្សព្វផ្សាយព័ត៌មានជាប្រចាំ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ត្រូវព្យាយាមដាក់ព័ត៌មានពិតជូនដល់សាធារណជន។ ឯកឧត្តមរដ្ឋមន្ត្រីបន្តទៀតថា «អ្នកនាំពាក្យត្រូវឆ្លើយតបឲ្យទាន់ពេលវេលា ក្នុងន័យបន្តផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់មូលដ្ឋាន និងសាធារណជន»។

ឯកឧត្តមរដ្ឋមន្ត្រី បានជូនយោបល់ និងការណែនាំថា «អ្នកសារព័ត៌មានមុនសរសេរព័ត៌មានឲ្យមានសុក្រឹត្យ យើងត្រូវចុះយកព័ត៌មានឱ្យដល់ទីកន្លែងហ្នឹង រកប្រភពឱ្យបានច្បាស់លាស់ និងធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរដែនដី ដែលជាអ្នកនាំពាក្យក្នុងការផ្ដល់ព័ត៌មានច្បាស់ការ ជូនដល់អ្នកសារព័ត៌មានយើង ដើម្បីសរសេរព័ត៌មានឲ្យមានតម្លាភាពល្អ ច្បាស់ការជាក់លាក់ ចៀសវៀងការសរសេរព័ត៌មានបំប៉ោងជាលក្ខណៈក្លែងក្លាយនាំឲ្យមានបញ្ហាដល់ខ្លួន»។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង បានរៀបចំបើកសិក្ខាសាលាស្តីពី «ការិយាល័យព័តមានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» ក្រោមអធិបតីភាពឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត រួមទាំងមន្ត្រីរាជការចំនួន៤ខេត្តផងដែរ។

ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់រដ្ឋបាលខេត្តកោះកុង ជាពិសេសលោកស្រីអភិបាលខេត្ត ដែលបានផ្ដល់ការអនុញ្ញាតដល់ក្រុមការងាររបស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏ដូចជារូបលោកផ្ទាល់មានលទ្ធភាព ក្នុងការរៀបចំសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» ក្នុងរយៈពេលពីរថ្ងៃនេះ ដោយមានវត្តមានដ៏ច្រើនកុះករ ពីសំណាក់អស់លោក លោកស្រីជាមន្ត្រីនាំពាក្យសាលាខេត្ត និងប្រធានមន្ទីរអង្គភាពជុំវិញខេត្តទាំង៤ រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប។

ឯកឧត្តមបានបន្ថែមថា «នេះគឺជាការបង្ហាញនូវការលើកទឹកចិត្តយ៉ាងក្លៀវក្លា និងផ្ដល់ភាពកក់ក្តៅយ៉ាងក្រៃលែងដល់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងកិច្ចបន្តពង្រឹងការអភិវឌ្ឍន៍តួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយឆន្ទះប្រាជ្ញាយ៉ាងមុះមុត និងរួមចំណែកលើអភិបាលកិច្ចល្អនៃវិស័យព័ត៌មានក្នុងកិច្ចការពារសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍដ៍ផុសផុល ក្រោមមគ្គុទ្ទេសភាពដល់ប៉ិនប្រសប់ និងឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្ដេចតេជោបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពស្ថេរភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ»។

សូមបញ្ជាក់ថា ព័ត៌មានគឺជាកញ្ចក់ឆ្លុះបញ្ចាំងនូវការអនុវត្តនយោបាយកែទម្រង់មុតស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន ស្មារតីនៃគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋាន ផ្ទាល់ក្នុងការផ្សព្វផ្សាយបំផុសស្មារតីនយោបាយនិងប្រសិទ្ធភាពនៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ដោយការបង្ហាញចេញនូវ ដំណោះស្រាយនៃបញ្ហាប្រឈមនានា នៅតាមមូលដ្ឋានទាំងដោយផ្ទាល់ ឬវេទិកាសាធារណៈ និងដោយប្រយោល ឬរលកធាតុអាកាស ដែលមានមន្ទីរជំនាញរួមសហការយ៉ាងជិតស្និទ្ធក្នុងកិច្ចក្តោបក្តាបនិងគ្រប់គ្រងមតិសាធារណៈពស់ ទៅរកប្រសិទ្ធភាពឯកភាពនិងសាមគ្គីភាពរវាងរាស្ត្រនិងរដ្ឋមូលដ្ឋានមកកាន់ថ្នាក់ជាតិ៕

Facebook Comments
Loading...