តម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយធំៗ ក្នុងរាជធានីភ្នំពេញ នៅរក្សាតម្លៃដដែល ខណៈនៅជាយក្រុង បានកើនឡើងតម្លៃជិត៦០០០រៀល

0
2467

ភ្នំពេញ ៖ តម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយធំៗ ក្នុងរាជធានីភ្នំពេញ នៅរក្សាតម្លៃដដែលគឺ ៤៨០០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃទី០១ ខែមីនា មកដោយស្របតាមការកំណត់របស់ក្រសួងនៅឡើយ ចំណែកទីតាំងលក់សាំងរាយមួយចំនួន បានដំឡើងថ្លៃប្រេងដោយខ្លួនឯង ក្នុង១លីត្រ តម្លៃជិត៦ ០០០រៀល ឬ៦ ០០០រៀល តាមទីតាំងផ្សេងៗគ្នា ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រកបការងារក្នុងវិស័យដឹកជញ្ជូនជាខ្លាំង។

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានលើកឡើងថា សាំងលក់រាយនៅជាយក្រុងភ្នំពេញ បានកើនឡើងតម្លៃ ៥៨០០រៀលហើយ ក្នុង១លីត្រ។ ការហក់ឡើងតម្លៃខ្ពស់ហួសប្រមាណដូច្នេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រកបការងារក្នុងវិស័យដឹកជញ្ជូនតែម្តង។

តម្លៃសាំងលក់រាយនៅតាមបណ្តារាជធានីខេត្ត មានការកំណត់ថ្លៃដោយម្ចាស់ស្ថានីយ ឬអ្នកលក់ខ្លួនឯង មិនក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្មនោះទេ។ ដូច្នេះពួកគេ លក់ឡើងចុះតម្លៃតាមចិត្តខ្លួនឯង។ ចំពោះការហក់ឡើងតម្លៃប្រេងសាំងនេះ មានស្ថានីយលក់ប្រេងមួយចំនួន ក៏បានបិទទ្វារផងដែរ។ តែទោះយ៉ាងណា តម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយធំៗ ក្នុងរាជធានីភ្នំពេញ នៅរក្សាតម្លៃដដែលគឺ ៤៨០០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី១៥ ខែមីនា ស្របតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ ប៉ុន្តែអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ថាតម្លៃប្រេងសាំងនៅកម្ពុជា នឹងហក់ឡើងថ្លៃមួយកម្រិតទៀត ខ្ទង់ជាង ៥ពាន់រៀល នៅសប្តាហ៍នេះ(ស្ថានីយសហការជាមួយក្រសួង) ហើយក្រសួងពាណិជ្ជកម្មនឹងកោះប្រជុំរវាងវិស័យ​ឯកជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរិះរកវិធានការដោះស្រាយបញ្ហានេះ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងស្វែងរកវិធានការដែលប្រសើរបំផុត ដែលអាចទទួលយកបានទាំងសងខាង ទាំងវិស័យឯកជន និងស្ថាប័នរដ្ឋដែលជាតំណាងអ្នកប្រើប្រាស់ទូទៅ ព្រោះរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រេងឆៅលើពិភពលោកឡើងថ្លៃពី ៩០ដុល្លារ ក្នុង១បារ៉ែល ដល់ជាង ១៣០ដុល្លារ ក្នុង១បារ៉ែល ទៅហើយនោះ៕

Facebook Comments
Loading...