សវនាការសំណុំរឿងលោក កឹម សុខា ត្រូវបានលើកពេលទៅថ្ងៃទី១៦ ពាក់កណ្តាលខែនេះវិញ

0
4056

ភ្នំពេញ ៖ ការលើកពេលនេះ ដោយសារតែតំណាងអយ្យការក្នុងសំណុំរឿងនេះ វិជ្ជមានកូវីដ១៩ នេះយោងតាមលិខិតរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផ្ញើជូនលោក កួយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែមីនា ម្សិលមិញ។

លិខិតស្នើសុំលើកពេល ចុះហត្ថលេខាដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការ អមសាលាដំបូងដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ កន្លងមកនេះ លោក ប្លង់ សុផល ជាតំណាងអយ្យការក្នុងសំណុំរឿងព្រហ្មទណ្ឌខាងលើ បានធ្វើតេស្តពិនិត្យសុខភាពរកឃើញមានវិជ្ជមានជម្ងឺកូវីដ-១៩។ នៅអំឡុងពេលនោះ តំណាងអយ្យការចំនួន០២ (ពីរ) រូបទៀត គឺលោក ឆាយ ហុង និងលោកស្រី សុង ឆវ័ន្ត ដែលជាតំណាងអយ្យការក្នុងសំណុំរឿងព្រហ្មទណ្ឌខាងលើ ក៏ធ្លាប់បានជំនុំជម្រះ និងជួបប្រជុំផ្ទាល់ជាមួយលោក ប្លង់ សុផល ផងដែរ។ ហេតុនេះ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ តំណាងអយ្យការ ស្នើសុំលើកពេលសវនាការនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៨:៣០នាទីព្រឹក ទៅពេលក្រោយ។

ឆ្លើយតបសំណើនេះ លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានឯកភាពតាមសំណើ ហើយនឹងបន្តសវនាការនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ខាងមុខ៕

Facebook Comments
Loading...