ក្នុងរយៈពេល១២ម៉ោងចុងក្រោយគណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិកអន្តរជាតិ បានហាមមិនឲ្យអត្តពលិករុស្ស៊ី ចូលរួមក្នុងកីឡាប៉ារ៉ាឡាំពិករដូវរងាទីក្រុងប៉េកាំងឡើយ

0
181626

បរទេស ៖ បើយោងតាមសេវាសារព័ត៌មានរបស់ IPC បានរាយការណ៍ថ្មីៗនេះបានឲ្យដឹងថា គណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បានសម្រេចចិត្តបដិសេធការចូលរួមរបស់អត្តពលិករុស្ស៊ី និងបេឡារុស្សសម្រាប់កីឡាប៉ារ៉ាឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២។

គណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) កាលពីថ្ងៃពុធ IPC បានអនុញ្ញាតឱ្យអត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្សចូលរួមក្នុងព្រឹត្តិការណ៍កីឡានេះក្នុងស្ថានភាពអព្យាក្រឹត ប៉ុន្តែសេចក្តីសម្រេចនេះត្រូវបានផ្លាស់ប្តូរបន្ទាប់ពីមានកិច្ចប្រជុំពិសេសមួយរបស់ក្រុមប្រឹក្សា IPC ។

ប្រធាន IPC លោក Andrew Parson បាននិយាយថា «ក្នុងរយៈពេល ១២ម៉ោងចុងក្រោយនេះ សមាជិកដ៏ច្រើនលើសលប់បានទាក់ទងជាមួយពួកយើង ហើយមានការបើកចំហរជាខ្លាំង។ ពួកគេបានប្រាប់យើងថា ប្រសិនបើយើងមិនពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់យើងទេនោះ ឥឡូវនេះវាទំនងជាមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ការប្រកួតកីឡារដូវរងាប៉ារ៉ាឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០២២។ NPCs ជាច្រើន ដែលមួយចំនួនត្រូវបានទាក់ទងដោយរដ្ឋាភិបាល ក្រុមការងារ និងអត្តពលិករបស់ពួកគេនោះ កំពុងគម្រាមមិនចូលរួមការប្រកួតប្រជែង»។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា «ការធានាសុវត្ថិភាព និងសន្តិសុខរបស់អត្តពលិក គឺមានសារៈសំខាន់ជាទីបំផុតសម្រាប់យើង ហើយស្ថានភាពនៅក្នុងភូមិអត្តពលិកកំពុងមានការកើនឡើង ហើយឥឡូវនេះបានក្លាយទៅជាមិនអាចគ្រប់គ្រងបាន។ ជាចម្បង និងសំខាន់បំផុត គឺយើងមានកាតព្វកិច្ចជាផ្នែកមួយនៃបេសកកម្មកីឡាប៉ារ៉ាឡាំពិក ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីធានា និងត្រួតពិនិត្យការរៀបចំការប្រកួតកីឡាប៉ារ៉ាឡាំពិកឱ្យទទួលបានជោគជ័យ និងដើម្បីធានាថា ក្នុងការប្រកួតកីឡាជាក់ស្តែងនៅក្នុងចលនាកីឡាប៉ារ៉ាឡាំពិក គឺស្មារតីនៃការប្រកួតដោយយុត្តិធម៌ ហាមមិនឱ្យមានអំពើហិង្សា ហានិភ័យសុខភាពរបស់អត្តពលិកត្រូវបានគ្រប់គ្រង និងគោលការណ៍សីលធម៌ជាមូលដ្ឋានត្រូវបានរក្សា និងអនុវត្ត»។ ដោយគិតក្នុងចិត្ត និងដើម្បីការពារសុចរិតភាពនៃការប្រកួតកីឡានេះ និងដើម្បីសុវត្ថិភាពរបស់អ្នកចូលរួមទាំងអស់ផង យើងបានសម្រេចចិត្តបដិសេធការបញ្ចូលអត្តពលិកពី RPC និង NPC បេឡារុស្សទៅក្នុងការប្រកួតនានានៃព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០២២ នេះ»។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានផ្តល់អនុសាសន៍ថា សហព័ន្ធកីឡាអន្តរជាតិមិនគួរអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុស្សចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិនេះទេ ដោយសារតែស្ថានភាពជុំវិញបញ្ហារវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។

ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនៅទីក្រុងប៉េកាំងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៣ ខែមីនា៕(ប្រភព TASS )

Facebook Comments
Loading...