តារាសម្តែងនិងម៉ូដែលមីយ៉ាន់ម៉ា ដែល ប្រឆាំងនឹងរដ្ឋប្រហារត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយពីជាប់គុកអស់១ឆ្នាំ

0
910

បរទេស៖ តារាសម្តែងនិងម៉ូដែលមីយ៉ាន់ម៉ា លោក Paing Takhon ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយរដ្ឋាភិបាលយោធាប្រទេសភូមាប្រកាសដោះលែង ដែលដំណឹងនេះធ្វើឲ្យអ្នកគាំទ្ររបស់លោកសម្តែងនូវការត្រេកអរនិងសប្បាយរីករាយយ៉ាងខ្លាំងដែលក្នុងនេះសូម្បីតែផលិតករនិងសិល្បករនៅកម្ពុជាក៏បានទាំងថ្លែងការសាទរផងដែរ។
យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានប្រទេសថៃនៅថ្ងៃទី ២ ខែ មីនា ឆ្នាំ២០២២នេះបានលើកឡើងថា តារាសម្តែងនិងម៉ូដែលលោក Paing Takhon ត្រូវបាន ដោះលែងឲ្យមានសេរីភាពដើម្បីបានត្រឡប់ទៅផ្ទះវិញហើយ ក្រោយពីលោកត្រូវបានយោធាចាប់កាលពីអំឡុងខែមេសា ឆ្នាំ២០២១កន្លងទៅដោយ ត្រូវបានយោធាសម្រុកចូលផ្ទះហើយបានចាប់ខ្លួនលោកក៏ព្រោះតែតារាសម្តែង ម៉ូដែលរូបនេះគឺជាសកម្មជនម្នាក់ដែលបានចូលរួមប្រឆាំងនឹងរដ្ឋប្រហាររបស់យោធានៅប្រទេសមីយ៉ាន់ម៉ា។ សម្រាប់អ្នកគាំទ្រលោកវិញ ចូលចិត្តនិងពេញចិត្តរូបលោកខ្លាំងណស់ចំពោះសកម្មភាពស្នេហាជាតិរបស់លោក។
គេចាំបានថាថាគ្រាផ្ទុះបាតុកម្មពេញផ្ទៃប្រទេស រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសបញ្ជីឈ្មោះតាមចាប់ខ្លួនបុគ្គលល្បីៗក្នុងសង្គមប្រមាណ៦០នាក់ហើយដែលបានប្រឆាំងយោធា គាំទ្រការធ្វើបាតុកម្ម ក្រោមបទចោទញុះញង់ប្រឆាំងយោធា និងបង្កហិង្សា។ ក្រៅពីនេះ គឺបវរកញ្ញា Miss Grand Myanmar នាង Han Lay អាយុ២២ឆ្នាំ ក៏ស្ថិតនៅក្នុងបញ្ជីខ្មៅតាមចាប់ខ្លួនពីយោធាផងដែរ ក្រោយពេលនាងចូលរួមប្រឡងបវរកញ្ញាMiss Grand International 2020 នៅប្រទេសថៃ ដោយនាងបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយដល់ពលរដ្ឋមីយ៉ាន់ម៉ា ក្រោយយោធាប្រើហិង្សាបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន ។ លោកPaing Takhon គឺជាតារាសម្តែងល្បីល្មោះក្នុងតំបន់អាស៊ី ត្រូវបានអ្នកគ្រប់គ្រងប្រកាសថា ក្រុមយោធាបានចាប់ខ្លួនតារាសម្តែងរូបនេះហើយកាលពីព្រឹកថ្ងៃទី០៨ ខែ មេសាឆ្នាំ ២០២១ ដោយប៉ូលីស និងទាហាន៨ឡាន បានមកចាប់តារាសម្តែង Paing Takhon នៅឯNorth Dagon House.គ្រាដែលអ្នកគ្រប់គ្រងរូបនេះបានចាកចេញមកផ្ទះម្តាយដើម្បីមើលថែជំងឺ។ ការចាប់ខ្លួនតួឯកប្រុសរឿងនាឡិការដាស់វិញ្ញាណវគ្គ២នេះគឺបន្ទាប់ពីលោកធ្លាប់បានចេញមុខធ្វើបាតុកម្មរួមគ្នាជាមួយប្រជាជនមីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គនកាលពីអំឡុងខែកុម្ភៈកន្លងទៅ និងបន្ទាប់ពីលោកត្រូវបានស្ថិតនៅក្នុងបញ្ជីឈ្មោះមានដីការត្រូវចាប់ខ្លួនពីបទញុះញង់ប្រឆាំងយោធា និងបង្កហិង្សារួមគ្នានឹងបុគ្គលសិល្បៈល្បីៗ ២៥នាក់ផ្សេងទៀតនោះ។
គួរបញ្ជាក់ដែរថា តារាសម្តែង និងបង្ហាញម៉ូតមីយ៉ាន់ម៉ាដ៏មានប្រជាប្រិយភាពលោក Paing Takhon ដែលគេដឹងថាជាតួឯកក្នុងភាពយន្តខ្នាតធំរឿង នាឡិការដាស់វិញ្ញាណវគ្គ២ ដែលជាការសហការផលិតរវាងផលិតករកម្ពុជា និងមីយ៉ាន់ម៉ា។ លោកបានខកខានមកកម្ពុជាដើម្បីថតភាពយន្តនេះក្រោយពីមានការរីករាលដាលនៃជំងឺកូវីដ១៩។ លោក PaingTakhon មានវ័យ២៤ឆ្នាំ លោកគឺជាតារាម៉ូដែល តារាសម្តែង និងជាអ្នកចម្រៀង ជនជាតិមីយ៉ាន់ម៉ា។ កាលពីឆ្នាំ ២០១៨ តារារូបនេះត្រូវបានជ្រើសរើសដោយ គេហទំព័រ BuzzFeed ថាជាបុរសសង្ហា ម្នាក់ក្នុងចំណោមបុរសទាំង២៣នាក់នៅតំបន់អាស៊ីអាគ្នេយ៍ ។ លោក ក៏បានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធី“ កំពូលអ្នកសំដែង ១០ នាក់” របស់កម្មវិធី Myanmar Time កាលពីពេលកន្លងទៅដែរ។ លោក PaingTakhon ធ្លាប់ចេញគម្រោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០២០មកម៉្លេះ ប្រយោជន៍ថតភាពយន្តខ្នាតធំដែលស្ថិតក្រោមកិច្ចសហការរវាងផលិតកម្មLD Picture និងផលិតកម្មមួយនាប្រទេសមីយ៉ាន់ម៉ា គឺរឿង” នាឡិការដាស់វិញ្ញាណវគ្គ២” ឬ The Clock Red Wall ដោយចូលរួមសម្តែងរួមគ្នាក្នុងតំណែងតួឯកស្រីពីកម្ពុជាគឺកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកកម្ពុជា ឆ្នាំ២០១៩កញ្ញា ប៉ូ គីមថេងសុធីតា នោះ៕

Facebook Comments
Loading...