បុរីរដ្ឋសិង្ហបុរី សម្រេចចិត្តចេញវិធានការសេដ្ឋកិច្ចប្រឆាំងរុស្ស៊ី ឆ្លើយតប នឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន 

0
2631

បរទេស ៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក វីវៀន បាឡាគ្រីស្នាន់  (Vivian Balakrishnan) បញ្ជាក់នៅថ្ងៃ២៨ ខែកុម្ភៈនេះថា បុរីរដ្ឋសិង្ហបុរីសម្រេចចិត្តចេញវិធានការសេដ្ឋកិច្ចប្រឆាំងរុស្ស៊ី ដោយរឹតត្បិតប្រតិបត្តិការទូទាត់តាមប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុមួយចំនួនដែលពាក់ព័ន្ធជាមួយរុស្ស៊ី។

ថ្លែងទៅកាន់សភា លោកបានអះអាងថា វិធានការនេះឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយលោកចាត់ទុកថា វាជាការសម្រេចចិត្តដោយផ្អែកលើស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិ។បើតាមប្រមុខការទូតសិង្ហបុរី ក្រៅពីនេះ សិង្ហបុរីក៏ហាមឃាត់ការនាំចេញទៅរុស្ស៊ីនូវប្រភេទទំនិញណាដែលអាចយកទៅប្រើប្រាស់ជាអាវុធដើម្បីប្រឆាំងអ៊ុយក្រែនដែរ។

សិង្ហបុរីត្រូវបានគេស្គាល់ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំមួយនៅអាស៊ី និងជាកន្លែងប្រមូលផ្តុំនៃសកម្មភាពដឹកជញ្ជូនដ៏សំខាន់មួយ ដែលតែងអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ ប៉ុន្តែវាជារឿងកម្រដែលបុរីរដ្ឋនេះចេញមុខដាក់ទណ្ឌកម្មប្រទេសណាមួយដោយផ្ទាល់ ដូចក្នុងពេលនេះ។

ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះលោក បាឡាគ្រីស្នាន់ បានលើកឡើងដែរថា សកម្ម​ភាពរុស្ស៊ីប្រឆាំងអ៊ុយក្រែនផ្តល់មេរៀនសំខាន់ៗជាច្រើនដល់សិង្ហបុរីជាប្រទេសដ៏តូចមួយ។

«វាបង្ហាញឱ្យឃើញថា ប្រទេសងាយរងគ្រោះអាចត្រូវគេបំពានយ៉ាងរហ័សជាពិសេសពេលដែលប្រទេសនោះត្រូវប្រឈមមុខជាមួយសត្រូវដែលធំ ហើយមានអំណាចខ្លាំង»។ នេះជាការលើកឡើងរបស់ប្រមុខការទូតសិង្ហបុរី។ លោកសង្កត់ធ្ងន់ដូច្នេះថា «អ្នកមិនអាចពឹងផ្អែកលើអ្នកដទៃឱ្យមកការពារប្រទេសអ្នកឯងទេ»៕

Facebook Comments
Loading...