ប្រធានរាជបណ្ឌិត្យសភាកម្ពុជាថា ទង្វើរបស់រុស្ស៊ីនាពេលនេះ ជាទង្វើខុសច្បាប់អន្តរជាតិ

0
2125

ភ្នំពេញ ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត សុខ ទូច បានអះអាងនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆហបាំ២០២២នេះថា ទង្វើរបស់របស់រុស្ស៊ី ដែលបើកប្រតិបត្តិកាវាយប្រហារទៅលើប្រទេសអ៊ុយក្រែននាពេលនេះ គឺជាសកម្មភាពឈ្លានពានប្រទេសអ៊ុយក្រែន និងខុសច្បាប់អន្តរជាតិ ពីព្រោះរុស្ស៊ីមិនបានប្រកាសជាមុន។

លោកបណ្ឌិត សុខ ទូច កន្លងមកធ្លាប់បានលើកឡើងថា រុស្ស៊ី និងអ៊ុយក្រែន នឹងមិនមានការផ្ទុះសង្រ្គាមទេ ពីព្រោះរុស្ស៊ីបានដាក់សំណើរ៣ទៅអង្គការណាតូ (NATO)៖ គឺទី១- មិនអនុញ្ញាតឱ្យប្រទេសអ៊ុយក្រែនចូលជាសមាជិកសម្ព័ន្ធមិត្តណាតូ ហើយមកដល់ពេលនេះ ប្រទេសអ៊ុយក្រែនមិនទាន់ក្លាយជាសមាជិកអង្គការណាតូ (NATO) នៅឡើយទេ។ ទី២- រុស្ស៊ីបានស្នើដល់អង្គការណាតូ (NATO) កុំដាក់ខែលមីស៊ីលនៅលើទឹកដី អ៊ុយក្រែន។ ទី៣- រុស្ស៊ីបានស្នើកុំឱ្យមានវត្តមានកងទ័ពបរទេសនៅលើទឹកដីប្រទេសអ៊ុយក្រែន។

បើតាមលោកបណ្ឌិត សុខ ទូច សំណើរទាំង៣ចំណុចនេះ ទាំងសម្ព័ន្ធមិត្តអង្គការណាតូ និងរដ្ឋាភិបាលអ៊ុយក្រែន មិនទាន់ឆ្លើយតបថាយ៉ាងម៉េចទេ ហើយមកដល់ពេលនេះ នៅលើទឹកដីអ៊ុយក្រែន ក៏គ្មានវត្តមានកងទ័ពបរទេស និងគ្មានខែលមីស៊ីលដែរ។ ចំណែកសមាជិកភាពចូលណាតូរបស់អ៊ុយក្រែន ក៏មិនទាន់មានចំលើយដែរ ប៉ុន្តែរុស្ស៊ីបែរជាលើកទ័ពចូលទឹកដីអ៊ុយក្រែនទៅវិញ។

លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា “នេះ ការប្រើប្រាស់កំលាំងយោធាររបស់រុស្ស៊ី គឺជាការឈ្លានពានប្រទេសអ៊ុយក្រែន ព្រោះរុស្ស៊ី មិនបានប្រកាសជាមុន ហើយមកទល់ពេលនេះ ទាំងអង្គការណាតូ និងអ៊ុយក្រែន នៅមិនទាន់ប្រកាសសង្គ្រាមជាមួយរុស្ស៊ីនៅឡើយទេ អ៊ុយក្រែនត្រឹមប្រើប្រាស់កំលាំងទ័ព ដើម្បីការពារខ្លួន ត្បិតបើធ្វើសង្គ្រាម គឺត្រូវប្រកាសជាមុន ហើយបើសហរដ្ឋអាម៉េរិក ឬណាតូប្រកាសសង្គ្រាមជាមួយរុស្ស៊ីនោះ សង្គ្រាមលោកលើកទី៣ច្បាស់ជាកើតឡើងមិនខាន។ ទង្វើរបស់រុស្ស៊ីនាពេលនេះ គឺវាខុសច្បាប់អន្តរជាតិ”។

លោកបណ្ឌិតរូបនេះអះអាងថា ការចូលឈ្លានពានអ៊ុយក្រែននាពេលនេះ ទំនងជារុស្ស៊ីធ្វើការវាយប្រហារជាមុន មិនឱ្យជាន់ដានប្រវត្តិសាស្ត្រ ដែលរុស្ស៊ីរងការវាយប្រហារពីគេមុន ដូចជាសង្គ្រាមណាប៉ូឡេអុង,សង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២ ?។

សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ ប្រតិបត្តិការយោធារបស់រុស្ស៊ី វាយប្រហារទៅលើប្រទេសអ៊ុយក្រែន ឈានចូលថ្ងៃទី៥ហើយ ចំណែកក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃចន្ទនេះបានអះអាងថា កងទ័ពអាកាសរបស់ខ្លួន បានត្រួតត្រាដែនអាកាសនៅក្នុងទឹកដីអ៊ុយក្រែនទាំងស្រុង ហើយបើតាមក្រសួងការពារជាតិរុស្ស៊ី កងទ័ពអាកាសរុស្ស៊ីបានបង្កើតការត្រួតត្រាដែនអាកាសទាំងអស់ នៅលើទឹកដីអ៊ុយក្រែន រួមទាំងដណ្ដើមបានទីតាំងជាច្រើនកន្លែង នៅក្នុងទីក្រុង Berdyansk និងទីក្រុង Enerhodar ព្រមទាំងដែនដីនៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរមួយ ក្នុងទីក្រុង Zaporizhiya ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនផងដែរ។ ដោយឡែក លោកប្រធានាធិបតីពូទីន បានបញ្ជាឲ្យយកជ័យជម្នះឲ្យបានត្រឹមថ្ងៃទី២ ខែមីនា៕

Facebook Comments
Loading...