ប្រទេសបារាំងគ្រោងនឹងពង្រឹងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សម្ភារៈយោធាដល់ប្រទេសអ៊ុយក្រែន

0
1665

បរទេស ៖ ប្រទេសបារាំងគ្រោងនឹងពង្រឹងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សម្ភារៈយោធាដល់ប្រទេសអ៊ុយក្រែន ក្នុងនោះក៍បានប្តេជ្ញាចាត់វិធានការបង្កកទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់ឥស្សរជនសាធារណៈរុស្ស៊ីនៅថ្នាក់ជាតិផងដែរ នេះបើតាមទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់រដ្ឋបាលប្រធានាធិបតីបារាំង។

ក្នុងអំឡុងពេលនៃសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិរបស់ប្រទេសបារាំងកាលពីល្ងាចថ្ងៃសៅរ៍ ប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុន បានធ្វើការសម្រេចចិត្តដើម្បីរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការសម្របសម្រួលជាមួយបណ្តាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

រដ្ឋបាលប្រធានាធិបតីបារាំងបាននិយាយថា ការសម្រេចចិត្តមួយនេះក៏ត្រូវបានធ្វើឡើងដើម្បីរៀបចំការផ្គត់ផ្គង់សម្ភារៈយោធាបន្ថែមទៀត និងផ្តល់ជំនួយប្រេងដល់អាជ្ញាធរអ៊ុយក្រែនផងដែរ។

កាលពីល្ងាចថ្ងៃសៅរ៍ ប្រទេសអាល្លឺម៉ង់បានប្រកាសពីការផ្គត់ផ្គង់អាវុធជាលើកដំបូងរបស់ខ្លួនដល់ប្រទេសអ៊ុយក្រែន ដោយបាននិយាយថា ខ្លួននឹងផ្តល់អាវុធប្រឆាំងរថក្រោះចំនួន ១០០០ដើម និងកាំជ្រួចមីស៊ីលចំនួន ៥០០គ្រាប់ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ នៅព្រឹកថ្ងៃដដែលនោះ ប្រទេសអាល្លឺម៉ង់បានអនុញ្ញាតឱ្យប្រទេសហូឡង់ និងប្រទេសអេស្តូនី បញ្ជូនគ្រាប់កាំជ្រួចចាស់ៗដែលផលិតដោយអាល្លឺម៉ង់ទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ ដោយកាលពីពេលមុន ទីក្រុងប៊ែរឡាំងបានច្រានចោលយ៉ាងដាច់អហង្ការចំពោះលទ្ធភាពនៃការចែកចាយបែបនេះ ហើយបានបដិសេធមិនអនុញ្ញាតឱ្យមានការផ្គត់ផ្គង់អាវុធដែលផលិតដោយអាល្លឺម៉ង់ទៅកាន់ប្រទេសទីបីឡើយ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃទី២៤ ខែកុម្ភៈថា ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ប្រមុខនៃសាធារណរដ្ឋ Donbass លោកបានធ្វើការសម្រេចចិត្តដើម្បីធ្វើប្រតិបត្តិការយោធាពិសេសមួយ ដើម្បីការពារប្រជាជនដែលបានទទួលរងការរំលោភបំពាន និងការប្រល័យពូជសាសន៍ដោយរបបទីក្រុងគៀវរយៈពេលប្រាំបីឆ្នាំកន្លងមកនេះ។ មេដឹកនាំរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិនមានផែនការកាន់កាប់ទឹកដីអ៊ុយក្រែនទេ៕ (ប្រភព TASS)

Facebook Comments
Loading...