មហាជនហួសចិត្តនិយាយមិនចេញ ព្រោះក្រុមហ៊ុនរបស់លោកឧកញ៉ាល្បីទាំងឈ្មោះ និងមានអំណាច១រូប មានអាជ្ញាបណ្ណត្រឹមដឹកឈើអុស ដល់ក្រឡាប់ខ្ជាក់ចេញប្រែកាយសុទ្ធតែបន្ទះក្តារដ៏ប្រណិត

0
3708

កំពង់ធំ ៖ ក្រោយពី រថយន្តខ្នាតយក្សមួយគ្រឿង ដឹកចេញពីខេត្តព្រះវិហារ ដោយក្រុមហ៊ុនមួយឈ្មោះ ធីអិនធី ហៅថា 97 របស់ លោកឧកញ៉ាល្បីទាំងឈ្មោះ និងមានអំណាច១រូប ចៃដន្យជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ផ្ងារជើងខ្ជាក់ចេញសុទ្ធតែឈើប្រណិតបន្ទះក្តារដ៏ប្រណិត ដល់សួរចុះសួរឡើងមន្ត្រីជំនាញមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ អះអាងថា ក្រុមហ៊ុនដឹកឈើនោះ មានអាជ្ញាបណ្ណត្រឹមដឹកឈើអុស សម្រាប់ផ្គត់ផ្គង់តាមបណ្តាឡផលិតឥដ្ឋតែប៉ុណ្ណោះ…។

ករណីគ្រោះថ្នាក់ ក្រឡាប់រថយន្តក្អួតចេញសុទ្ធតែឈើនេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃសៅរ៍ទី២៦ កុម្ភៈ ឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ខេត្តកំពង់ធំ។

លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម បានឱ្យដឹងថា រថយន្តខ្នាតយក្សជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ផ្ងារជើងខ្ជាក់ចេញសុទ្ធតែឈើប្រណិតនេះ គឺជាឈើដែលបានដឹកចេញពីខេត្តព្រះវិហារ ដោយក្រុមហ៊ុនមួយឈ្មោះ ធីអិនធី ហៅថា 97 ដែលកន្លងមកក្រុមហ៊ុនមួយនេះ ទទួលបានសិទ្ធិប្រមូលកាកសំណល់ចេញពីដីក្រុមហ៊ុន ត្រឹមតែអាជ្ញាបណ្ណឈើអុសតែប៉ុណ្ណោះ ប៉ុន្តែកន្លងមក ក្រុមហ៊ុននេះតែងតែធ្វើសកម្មភាពលើដីរបស់ក្រុមហ៊ុន នៅអនុតំបន់3 និងតបន់4 ដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ាកន ឃុំរៀបរយ ស្រុករវៀងខេត្តព្រះវិហារ ដែលជាតំបន់នៅមិនឆ្ងាយពីតំបន់ការពារធនធានធម្មជាតិព្រៃឡង់នោះឡើយ។

ដោយឡែក ប្រភពពីប្រជាពលរដ្ឋ នៅភូមិប៉ាកន បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកឧកញ៉ាមួយចំនួនតូច បានបន្លំប្រើប្រាស់អាជ្ញាបណ្ណដឹកឈើរបស់ក្រុមហ៊ុនធីអិនធី ប្រមូលទិញឈើពីប្រជាពលរដ្ឋ ដែលពួកគេបានជួលឱ្យដឹកតាមរទេះគោ ឬក៏តាមធ្យោ​បាយដឹកជញ្ជូនផ្សេងៗទៀតជាច្រើន យ៉ាងគគ្រឹកគគ្រេង ដែលឈើទាំងនោះ គឺបានមកពីការចូលទៅកាត់ក្នុងដែនព្រៃឡង់ និងក្នុងតំបន់ព្រៃសហគមន៍ផ្សេងៗ។ ពាក់ព័ន្ធនឹងករណីនេះដែរ ប្រជាពលរដ្ឋកំពុងរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរសមត្ថកិច្ចអាចឱ្យក្រុមហ៊ុនោះមកទទួលខុសត្រូវលើការប្រើល្បិចថ្ពិនភ្នែកអាជ្ញាធរបែបនេះ ហើយបើកុំតែជួបគ្រោះថ្នាក់ក្រឡាប់ផ្ងាជើងម្ល៉េះសមរថយន្តដឹកឈើនោះបានដឹកទៅដល់គោលដៅដោយសុវត្ថិភាពមិនខាន។

ទោះយ៉ាងណា មានសេចក្តីរាយការណ៍ថា អជ្ញាធរសមត្ថកិច្ចខេត្តទាំងពីរមិនមែនមិនដឹងរឿងទេ គឺពួកគេបានសហការគ្នាជាប្រព័ន្ធ ទាំងសមត្ថកិច្ចខេត្តព្រះវិហារ និងកំពង់ធំ ព្រោះទម្រាំតែដឹកមកដល់ទឹកដីស្រុកបារាយណ៍ គឺត្រូវឆ្លងដំណាក់កាលអាជ្ញាធររាប់សិបកន្លែង ចាប់តាំងពីប៉ុស្តិ៍ត្រួតពិនិត្យភូមិអូរពោធ៍ ក្នុងឃុំរម្យណី បន្តមកប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនខេត្តទាំងពីរ ស្ថិតនៅភូមិម្រាគនៃខេត្តកំពង់ធំ និងឆ្លងកាត់ទីស្នាក់ការរដ្ឋបាលព្រៃឈើជាច្រើនកន្លែងផ្សេងទៀត ដូច្នេះរឿងអីគេចផុតពីក្រសែភ្នែកអាជ្ញាធរបានទៅ ប៉ុន្តែពួកគេដឹងម៉ូគ្នាមុនអស់ហើយ បានជាបើកជ្រែកសមត្ថកិច្ចដ៏រលូនបែបនេះ…៕

Facebook Comments
Loading...