ចាងហ្វាងកាសែតសុវណ្ណនគរ និងគូកន ត្រូវបានសាលាឧទ្ធរណ៍តម្កល់ទោសអោយជាប់ពន្ធនាគារមួយជីវិត

0
3154

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះក្រុមប្រឹក្សាសំណុំរឿងឧក្រិដ្ឋកម្មសាលាឧទ្ធរណ៍ បានប្រកាសសាលដីកាសម្រេចតម្កល់ទុកអោយអតីតចាងហ្វាងកាសែត សុវណ្ណនគរឈ្មោះ សោម គឹមស៊ាន និងគូកនឈ្មោះ សី ផារ៉ាដា ជាប់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទ « ឃាតកម្មគិតទុកមុន » តាមមាត្រា២០០ នៃក្រមព្រហ្មទ័ណ្ឌ ពាក់ព័ន្ធនិងការសម្លាប់មិត្តភ័ក្រដើម្បីប្លន់យកទ្រព្យសម្បត្តិកាលពី៧ឆ្នាំមុន។

ជនដៃដល់ឈ្មោះ សោម គឹមស៊ាន អាយុ៤៤ឆ្នាំ ជាអតីតចាងហ្វាងកាសែត សុវណ្ណនគរ។ ជនដៃដល់ទី២ឈ្មោះ សី ផារ៉ាដា ភេទប្រុស អាយុ៤២ឆ្នាំ។ ជនដៃដល់ទី សួង សារ៉ាយ (រត់គេចខ្លួន) ពួកគេត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកមុន ប៉ុន្តែពួកគេបានប្ដឹងឧទ្ធរណ៍ ហើយក៏ត្រូវបានសាលាឧទ្ធរណ៍សម្រេចកាលពីព្រឹកថ្ងៃ២២កុម្ភៈនេះ ដោយតម្កល់សេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមអោយនៅជាធរមានដដែល។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ មានសពជនរងគ្រោះម្នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងគំនរសំរាម ក្បែរប្រឡាយទឹកមួយកន្លែង តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ តាមរយៈវិធានការជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំណត់អត្តសញ្ញាណ ជនរងគ្រោះ មានឈ្មោះ ស្រ៊ុន សុភក្ដិ អាយុ៣៥ឆ្នាំ ទីលំនៅ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ បន្ទាប់មក សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនឃាតក ជាជនដៃដល់ម្នាក់ ឈ្មោះ សោម គឹមស៊ាន បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ តែឈ្មោះ សី ផារ៉ាដា នេះ ក្រោយពីដឹងថាបក្ខពួកខ្លួន ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួនបាន ក៏គេចខ្លួនបាត់រហូតអស់រយៈពេល០៥ឆ្នាំ បន្ទាប់មកសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនជនសង្ស័យ រហូតបានសម្រេច ដោយបានសម្ងំលាក់ខ្លួននៅខេត្តតាកែវ។ ចំណែកឈ្មោះ សួង សារ៉ាយ បានរត់គេចខ្លួនបាត់រហូតមកដល់បច្ចប្បន្ន៕

Facebook Comments
Loading...