កម្ពុជាមានគម្រោងសាងសង់ផែនេសាទសហគមន៍នៅតាមខេត្តជាប់សមុទ្រ ដើម្បីពង្រឹងធនធានធម្មជាតិសមុទ្រសម្រាប់កូនចៅជំនាន់ក្រោយ

0
3358

ភ្នំពេញ ៖ កម្ពុជាមានគម្រោងសាងសង់ផែនេសាទសហគមន៍នៅតាមខេត្តជាប់សមុទ្រដើម្បីធ្វើការកែលម្អផលនេសាទសមុទ្រនៅក្នុងសហគមន៍ ពិសេសការគ្រប់គ្រងកាកសំណល់ និងផលប៉ះពាល់ធនធានជលផលក្នុងសហគមន៍នេសាទ ពង្រឹងធនធានធម្មជាតិសមុទ្រសម្រាប់កូនចៅជំនាន់ក្រោយ។

ការសសងសង់ផែនេសាទសមុទ្រនេះត្រូវបានលើកមកពិភាក្សាកាលពីរសៀលថ្ងៃទី១៧ ខែកម្ភៈ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុក្នុងកិច្ចប្រជុំគម្រោងស្តីពីការរៀបចំគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព។

លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផលបានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបង្ហាញលទ្ធផលដែលបានពីការសិក្សាស្រាវជ្រាវប្រមូលទិន្នន័យពាក់ព័ន្ធនឹងគម្រោង និងការពិគ្រោះយោបល់លើគោលដៅ និងលទ្ធផលរំពឹងទុកនៃគម្រោង ព្រមទាំងស្នើសុំកិច្ចសហការ និងការគាំទ្រពីអាជ្ញាធរខេត្តតំបន់ឆ្នេរទាំង៤ ពិសេសខេត្តព្រះសីហនុ ក្នុងការរៀបចំគម្រោងខាងលើឱ្យទទួលបានជោគជ័យ ដោយមានការគាំទ្របច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី ADB។

លោកបានបន្តថាគម្រោងនោះក៏នឹងមានការស្នើសុំសាងសង់ផែនេសាទដែលមានគុណភាព ដើម្បីធ្វើការកែលម្អផលនេសាទសមុទ្រនៅក្នុងសហគមន៍ ពិសេសការគ្រប់គ្រងកាកសំណល់ និងផលប៉ះពាល់ធនធានជលផលក្នុងសហគមន៍នេសាទ ពង្រឹងធនធានធម្មជាតិសមុទ្រសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងនោះយើងក៏មានគម្រោង និងវិធានការសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ធនធានជលផលសមុទ្រផងដែរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍នូវគម្រោងសាងសង់ផែនេសាទសហគមន៍ ដែលទាមទារឱ្យមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ ក្នុងនោះលោកអភិបាលខេត្តបានផ្តល់ជម្រើសពីរដើម្បីធ្វើការសិក្សា ទី១.នៅស្រុកស្ទឹងហាវ ព្រោះទីនោះមានប្រជានេសាទច្រើន។ ទី២.តំបន់កោះខ្យង ក្នុងស្រុកព្រៃនប់ ទីនោះមានការប្រមូលផ្តុំផលនេសាទ។

លោកអភិបាលខេត្តបានបន្តថាចំពោះការការពារ និងអភិរក្សព្រៃកោងកាងនៅខេត្តព្រះសីហនុ មានសម្បូរនៅតាមតំបន់ព្រែកកំពង់ស្មាច់ និងព្រែកទឹកសាប ក្នុងស្រុកព្រៃនប់។

លោកអភិបាលខេត្ត ក៏បានស្នើសុំឱ្យធនាគារអភិវឌ្ឍអាស៊ីជួយធ្វើបច្ចុប្បន្នភាពព្រៃកោងកាង បោះបង្គោលការពារព្រៃកោងកាង និងធ្វើការដាំដុះឡើងវិញ ដើម្បីផ្តល់ផលប្រយោជន៍ពីការកាប់បំផ្លាញមកជាការថែរក្សាការពារ អភិរក្ស ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រជានេសាទក្នុងសហគមន៍។

លោក Lindsay Saunders ប្រធានក្រុមការងារ នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបង្ហាញពីគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដែលជាគម្រោងជួយកម្ពុជា ក្នុងការអភិវឌ្ឍតំបន់ឆ្នេរ និងការប្រែប្រួលអាកាសធាតុ ពង្រឹងធនធានជលផលសមុទ្រក្នុងនោះមានដូចជា ១.ការគ្រប់គ្រងធនធានអេកូឡូស៊ីសមុទ្រ ២.ការធ្វើឱ្យប្រសើរនូវហេដ្ឋារចនា សម្ព័ន្ធតាមបណ្តោយឆ្នេរ ៣.ជួយដល់វិស័យឯកជនក្នុងការផ្តល់ឥណទានដល់វិស័យឯកជន ៤.បង្កើតមធ្យោបាយប្រភពហិរញ្ញទានគាំទ្រដល់វិស័យឯកជននៅតាមតំបន់ឆ្នេរ។ ធ្វើការទំនាក់ទំនងការងារនេសាទ និងជួយកាត់បន្ថយផលប៉ះពាល់ពីការកាប់បំផ្លាញព្រៃកោងកាង ព្រោះព្រៃកោងកាង១ហិកតាអាចផ្តល់ចំណូល ៣,៥០០ដុល្លាក្នុងមួយឆ្នាំ។ ដូច្នេះត្រូវរួមគ្នាអភិរក្សព្រៃកោងកាងដែលនៅសល់ប្រមាណ ៥០,០០០ម៉ឺនហិកតាឱ្យនៅវង់វង្ស៕

Facebook Comments
Loading...