រាជរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រ និងលើកស្ទួយនូវសិទ្ឋិ​សេរីភាពរស់​នៅរបស់បងប្អូនខ្មែរអ៊ីស្លាមទូទាំងប្រទេស

0
5594

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ជារៀងរហូតមកតែងតែគាំទ្រ និងលើកស្ទួយនូវសិទ្ឋិ​សេរីភាពរស់នៅរបស់បងប្អូនខ្មែរអ៊ីស្លាមគ្រប់ទិសទី នៅទូទាំងប្រទេស រួមទាំងសិទ្ឋិសេរី​ភាព​ជំនឿ​សាស​នា និងនយោបាយជាដើម មិនប្រកាន់ពណ៍សម្បុ ពូជសាសន៍អ្វីឡើយ។

បើយើងជ្រក​ក្រោម​ដើម​ឈើ​ណា ត្រូវយកអាសារដើមឈើនោះ ហើយមិនត្រូវភ្លេចគុណអ្នកដែលបានជួយយើង​នោះ​ទេ ទាំងនេះគឺជាការលើកឡើងរបស់លោកជា ខេមា ប្រ​ធា​នក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ ក្នុងខណៈយកអំណោយទៅចែកជូន​ដល់​ប្រជាពលរដ្ឋខ្មែរអ៊ីស្លាម ដើម្បីចូលបួសនៅចុងខែមេសាខាងមុខនេះនេះ នៅវិហារក្នុងភូមិឌួង សង្កា​ត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោកជា ខេមា បានមានប្រសាសន៍បន្តថា យើងទាំងអស់គ្នាបានរស់នៅសុខ​ដុមរម្យនាមក​ដល់ពេលនេះ គឺដោយសារយើងមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ បើយើងគិត​កាលពីជាង៣០ឆ្នាំមុន យើងស្ថិតក្នុងភ្លើងសង្រ្គាម មិនថាប្រជាជនខ្មែរ ឬបងប្អូនខ្មែរឥស្លាម គឺរស់នៅដោយភាពភ័យខ្លាច និងគ្មានសិទ្ធិសេរីភាព គឺត្រូវបានកាប់សម្លាប់យ៉ាង​ព្រៃផ្សៃពី​របបបនប្រល័យពូជសាសន៍ ប៉ុលពត តែដោយមានគណបក្សប្រជាជនកម្ពុជា និងនយោ​បា​យ​ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បានរំដោះជាតិ និងបង្រួបបង្រួមជាតិ ឲ្យប្រជាពល​រដ្ឋបានរស់រានមានជីវិតឡើងវិញរហូតមកដល់បច្ចុប្បន្ន គឺរក្សាបានសុខសន្តិភាព ការអភិវឌ្ឍ​ន៍រីកចម្រើនគួរជាទីមោទនៈ ដូចនេះយើងទាំងអស់ត្រូវបន្តថែរក្សាឲ្យខានតែបាន នូវសុខ​សន្តិ​ភាពនេះ គឺយើងរស់នៅទាំងអស់គ្នាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរ និងជំនឿ​សាស​នា រស់នៅដោយស្មើរភាព មានសិទ្ធិសេរីភាព មិនថាបងប្អូនប្រជាពលរដ្ឋខ្មែរ ឬបងប្អូនខ្មែរ​ឥស្លាម​ឡើយ។

លោកបញ្ជាក់ថា បើទោះជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែរាជរដ្ឋាភិបាលកម្ពុជា ជា​រៀងរហូតមកតែងតែគាំទ្រ និងលើកស្ទួយនូវសិទ្ឋិ​សេរីភាពរស់នៅរបស់បងប្អូនខ្មែរអ៊ី​ស្លាម​គ្រប់​ទិសទី នៅទូទាំងប្រទេស រួមទាំងសិទ្ឋិសេរី​ភាព​ជំនឿ​សាស​នា និងនយោបាយជាដើម មិនប្រកាន់ពណ៍សម្បុ ពូជសាសន៍អ្វីឡើយ។ តែបើអ្នកណាភ្លេចគុណ អ្នកដែល​ជួយយើងនោះ គឺវានិងមានបាបកម្មជាក់ជាមិនខាន​ឡើយ។

ជាចុងក្រោយលោកជា ខេមា ក៏បានថ្លែងអំណរគុណបងប្អូនខ្មែរឥស្លាមទាំងអស់ដែលគាំទ្រ និងជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ជារៀងរហូតមក និងសូមខ្មែរឥស្លាមទាំងអស់អញ្ជើញទៅបោះឆ្នោតឃុំ សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។ ក្នុងនោះផងដែរលោកប្រធានក្រុមការងារក៍បានជូនពរដល់បងប្អូន​សាស​និក​ខ្មែរអ៊ីស្លាមទូទាំងប្រទេស សូមជួបប្រទះតែសេចក្តីមេត្តាករុណា សេចក្តីសុខសន្តិភាព សេច​ក្តីចម្រុងចម្រើន និងសុខដមរម្យនា អំពីព្រះអាឡោះជានិច្ចនិរន្តន៌រហូតតរៀងទៅ។

សូមបញ្ជាក់ថា អំណោយដែលយកទៅចែកជូននោះរួមមាន៖ ១.អង្ករ៥០គីឡូក្រាម ចំនួន១០ប៉ាវ ២.ទឹកដោះគោខាប់ ចំនួន២កេសធំ ៣.ត្រីខកំប៉ុង ចំនួន១កេសធំ ៤.មីខ្លាឃ្មុំ ចំនួន៥កេសតូច ៥.ស្ករស ចំនួន១០០គីឡូក្រាម ៦.ជែល ចំនួន១កេសធំ ៧.ម៉ាស ចំនួន៦ប្រអប់ និង៨.ថ្នាំពេទ្យមួយចំនួនទៀត៕

Facebook Comments
Loading...