រដ្ឋបាលខណ្ឌព្រែកព្នៅ ផ្សព្វផ្សាយវិធានការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន

0
4839

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លើកទី៣២ អណត្តិទី៣ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌព្រែកព្នៅ បានផ្សព្វផ្សាយសេចក្ដីណែនាំ របស់សាលារាជធានីភ្នំពេញ ស្តីពីវិធានការ ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមដែលនិងឈានចូលមកដល់ នាដើមសប្ដាហ៍ក្រោយនេះ។

ក្នុងសេចក្ដីណែនាំនោះបានដាក់ចេញនូវក្លឹមសារ ចំនួន៧ចំណុច ដែលក្នុងនោះបានហាមដាច់ខាត មិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសបុណ្យនេះ មិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ ហើយរាល់ការដង្ហែរក្បួនផ្សេងៗ ទាំងបែបសាសនានិងប្រពៃណី ដែលគ្មានការអនុញ្ញាតិក៏ត្រូវហាមឃាត់ដែរ។

ជាមួយនេះនៅគ្រប់ទីកន្លែង កំសាន្ដសប្បាយនានា ត្រូវអនុវត្តវិធានការសុខាភិបាល ក្នុងទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ១៩ ពិសេសមេរោគបម្លែងថ្មីអូមីក្រុង និងត្រូវរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្ដីថ្លៃថ្នូរ និងប្រុងប្រយ័ត្នក្នុងការអុជទានធូប ភ្លើងក្រាន ចរន្ដអគ្គិសនី ដែលអាចបង្កគ្រោះអគ្គីភ័យដែលបង្កឡើងជាយថាហេតុ ។

លោក ជា ខេម៉ា អភិបាលខណ្ឌព្រែកព្នៅស្ដីទី បានណែនាំដល់កងកម្លាំង កងរាជធាវុធហត្ថ ក៏ដូចជាអធិការដ្ឋាននគរបាលខណ្ឌ ពិសេសគណៈបញ្ជាឯកភាព សង្កាត់ទាំង៥ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារយាមល្បាត ក្នុងមូលដ្ឋាន និងធ្វើការផ្សព្វផ្សាយសេចក្ដីជូនដំណឺងនេះឲ្យបានទូលំទូលាយ។

លោក បានលើកឡើងថា ជាមួយនឹងការផ្សព្វផ្សាយ យើងជាអាជ្ញាធរត្រូវតែប្រុងប្រយ័ត្ន ជាប់ជាប្រចាំ មិនអាចធ្វេសប្រហែសបានឡើយ ត្រូវតែមានកម្លាំងត្រៀម ក្នុងករណីមានបទល្មើសកើតឡើង ត្រូវរិះរកវិធានការ ទប់ស្កាត់និង បង្ក្រាបឲ្យបានទាន់ពេលវេលា ដើម្បី ធានាបាននូវភាព សុខសាន្ដជូនប្រជាពលរដ្ឋ។ ជាមួយនេះ ត្រូវទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ដោយ កន្លងមកមានបងប្អូន១ចំនួន តែងយកឱកាសនៃពិធី បុណ្យនេះ នាំគ្នាលេងល្បែង ស៊ីសង ហើយក្រោយចប់បុណ្យនេះហើយនៅតែបន្ដលេង ភ្លេចការងាររកស៊ី។

លោកអភិបាលខណ្ឌស្ដីទី បញ្ជាក់ថា ចំពោះករណី ជនណាដែលបំពានលើសេចក្ដីណែនាំខាងលើ ឬប្រព្រឹត្តិល្មើស បង្កឲ្យមានចលាចល ក្នុងសង្គម បាត់សណ្ដាប់ធ្នាប់សន្ដិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ និងត្រូវទទួលទោសតាមច្បាប់ជាធរមាន។

នៅព្រឹកថ្ងៃដដែលនេះដែរលោក ជា ខេម៉ា បានផ្ដល់ អំណោយមានអង្ករនិងថវិកា១ចំនួន ជូនដល់កងកម្លាំង សណ្ដាប់ធ្នាប់ខណ្ឌចំនួន៥០នាក់ ដើម្បីជាការលើកទឹកចិត្តព្រោះកំលាំងទាំងនេះជាអ្នករួមចំណែកដ៏សំខាន់ក្នុងគ្រប់សកម្មភាពរបស់រដ្ឋបាលខណ្ឌ មិនថាយប់ឬថ្ងៃនោះឡើយ។ សូមជម្រាបជូនថា អំណោយដែលចែលជូននាពេលនោះ ក្នុង១នាក់ ទទួលបាន អង្ករ២៥គីឡូក្រាម និងថវិកា៥ម៉ឺនរៀល៕

Facebook Comments
Loading...