យុវជនម្នាក់ចូលទៅសម្ងំក្នុងផ្ទះលក់ឥវ៉ាន់ចាប់ហ៊ួយ លួចគាស់ក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈ តាមរករង្វាន់តែបែរជាប៉ូលិសប្រគល់រង្វាន់ឲ្យវិញ

0
433

សៀមរាប ៖ ជនសង្ស័យម្នាក់ ឈ្មោះ ស្លេះ ខួច ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ឃាត់ខ្លួនបានកាលពី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ពាក់ព័ន្ធពីបទ.លួច ចូលទៅក្នុង ផ្ទះលក់ឥវ៉ាន់ចាបហ៊ួយសម្ងំគាស់ លួចគាស់ក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈ ដើម្បីតាមរករង្វាន់។

យោងតាមសេចក្តីរាយការណ៏បានឲ្យដឹងថា ករណីនេះបានកើតឡើង កាលពី វេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ចំណុចតូបលក់អីវ៉ាន់ នៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប មានករណីចោរលួចគាស់តូបលក់ឥវ៉ាន់របស់ជនរងគ្រោះឈ្មោះ ឡាញ់ សែន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរចាប់ហួយ។

បើតាមជនរងគ្រោះបាននិយាយឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះ និងប្រពន្ធឈ្មោះ អ៊ិន ដា បានបិទតូប រួចឡើងទៅសម្រាកនៅលើផ្ទះ លុះដល់ម៉ោង០០ និង១០ នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះ បានលឺសំឡេងឆ្កែព្រូសខ្លាំងៗ រហូតដល់ភ្ញាក់ពីដេក និងបានលបមើល ក៏បានឃើញបុរសម្នាក់ កំពុងឈរក្នុងតូប ភ្លាមនោះជនរងគ្រោះ បានប្រាប់ទៅប្រពន្ធ និងបានរាយការណ៍តាមទូរស័ព្ទ ប្រាប់ទៅសមត្ថកិច្ចនគរបាលមូលដ្ឋាន បន្ទាប់មក ក៏ចាប់ខ្លួនជនសង្ស័យម្នាក់នោះ ដែលមានឈ្មោះ ស្លេះ ខួច តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគាស់ទ្វារតូបពីក្រោយ ចូលលួចប្រាកដមែន ដោយខ្លួនបានគាស់គម្របកំប៉ុងស្រាបៀរ និងភេសជ្ជៈ ដើម្បីយកក្រវិល ទៅដូររង្វាន់។ ក្នុងនោះខ្លួនបានគាស់ ស្រាបៀរហ្គេងស្បឺក អស់២៤កំបុង និងភេសជ្ជៈវឿក អស់ប្រហែលកន្លះកេស គាស់ឆែមពាន អស់ប្រហែល៩កំប៉ុង គាស់គោជល់ប្រហែល១២កំប៉ុង និងមួយមុខទៀតអស់៦កំប៉ុង និងបានយកក្រវិល ដែលត្រូវរង្វាន់ស្រាប់ចំនួន០៤ថង់ទៀត ដោយបម្រុងយកចេញទៅហើយ តែពេលនោះ ក៏ត្រូវបានសមត្ថកិច្ច មកទាន់ និងចាប់ឃាត់ខ្លួនតែម្តងទៅ។ ពេលចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាង ក្រវិលកំប៉ុង ទាំងស្រាបៀរ និងទាំងភេសជ្ជៈ ចំនួន៥០០ក្រវិល ប្រគល់ជូនជនរងគ្រោះវិញ ហើយសមត្ថកិច្ច ចាត់ការបន្តលើយុវជន ដែលចង់បានរង្វាន់ពីក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈទាំងនោះ៕

Facebook Comments
Loading...