គណកម្មាធិការគណបក្សប្រជានជនកម្ពុជាសង្កាត់សំរោង រៀបចំសន្និបាតត្រៀមការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ នាពេលខាងមុខ

0
210

ភ្នំពេញ ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់សំរោង បានប្រារព្ធពិធីសន្និបាតបូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោ​បាយរបស់គណបក្សសម្រាប់អភិវឌ្ឍន៍សង្កាត់ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍន៍សង្កាត់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ដែលមានការចូលរួមពីលោក ហួត ហៃ សមាជិកគណៈអចិន្ត្រេយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោក លោកស្រី ក្រុមការងារចុះជួយសង្កាត់ ព្រមទាំងសមាជិក សមាជិការគណបក្សខណ្ឌ និងសង្កាត់ជាច្រើនរូបទៀតផងដែរកាលព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សសង្កាត់សំរោង។

លោក យិន អ៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់សំរោង បានឱ្យដឹងថា គណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សសង្កាត់ បានប្រារព្ធសន្និបាតបូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោ​បាយរបស់គណបក្សសម្រាប់អភិវឌ្ឍន៍សង្កាត់ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍន៍សង្កាត់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ សំដៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

លោកប្រធានគណបក្សសង្កាត់ បានបន្តថា សន្និបាតនាពេលនេះក៏បានប្រកាសបង្ហាញមុខបេក្ខជន ដែលត្រូវឈរឈ្មោះទាំងពេញសិទ្ធចំនួន៧រូប និងបម្រុង១៦រូបក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់សំរោង នៃខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងអាណត្តិទី៥ ឆ្នាំ២០២២នេះផងដែរ។

បន្ទាប់ពីស្ដាប់របាយការណ៍របស់ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់សំរោង មតិយោបល់ និងសំណូមពរផ្សេងៗពីសមាជិក សមាជិការគណបក្សសង្កាត់រួចមក លោក ហួត ហៃ សមាជិកគណៈអចិន្ត្រេយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍កោតសរសើរ និងអរគុណយ៉ាងស្មោះចំពោះសមាជិក សមា​ជិកានៃអង្គសន្និបាតទាំងមូល ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តរួមគ្នាសម្រេចបាននូវលទ្ធផលដ៏ល្អនេះ។ ឆ្លងតាមរបាយការណ៍ទិសដៅភារកិច្ចបន្តពីពេលនេះទៅ រហូតដល់ការបោះឆ្នោតខាងមុខ និងឆ្លងតាមគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានរបស់គណបក្សសង្កាត់ សំរាប់អាណត្តិទី៥ ការពិភាក្សា បានឆ្លុះបញ្ចាំងនូវមតិយោបល់នានារបស់សមាជិកសមាជិកានៃអង្គសន្និបាត ដែលបានធ្វើការវាយតម្លៃត្រឹមត្រូវនូវសមិទ្ធផលនានាដែលយើងសម្រេចបានរហូតមកដល់ពេលនេះ។ លទ្ធផលនេះបានពង្រឹងតួនាទីដឹកនាំ និងបង្កើនជំនឿជាក់របស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា និងសមត្ថភាពរបស់សមាជិកសមាជិកាគណបក្សយើង។

ជាមួយគ្នានេះ លោក ហួត ហៃ បានជម្រុញលើកទឹកចិត្តដល់សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការរស់នៅប្រចាំថ្ងៃរបស់សមាជិកបក្ស និងពង្រីកបណ្តាញសមាជិកឲ្យបានច្រើនថែមទៀត។ ទន្ទឹមនឹងនេះដែរ មន្ត្រីគណបក្សប្រជាជនកម្ពុជា គឺត្រូវបង្ហាញនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ ដើម្បីបំរើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យល្អ ហើយក្នុងនោះ ឯកឧត្តម ក៏បានស្នើសុំដល់សមាជិកសមាជិកាទាំងអស់ កុំជឿការញ៉ុះញ៉ុងរបស់គណបក្សដ៍ទៃ ក្រៅពីការដឹកនាំរបស់បក្សប្រជាជនកម្ពុជា ដូចសព្វថ្ងៃនេះ។

ជាចុងក្រោយលោក ហួត ហៃ បានអំពាវនាវ ដល់មន្ត្រី គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ព្រោះថា កូវីដមិនភ្លេចយើងទេ ដោយត្រូវបន្តអនុវត្តន៍ ៣កុំ និង ៣ការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ហើយជាពិសេសនោះ ត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរ៕

Facebook Comments
Loading...