អតីតអភិបាលរងស្រុកវាលវែងម្នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួន ពីបទក្លែងបន្លំឯកសារសាធារណៈ

0
510

ពោធិ៍សាត់ ៖ អតីតអភិបាលរងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ម្នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តពោធិ៍សាត់ ធ្វើការឃាត់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួន របស់សាលាដំបូងខេត្តពោធិ៍សាត់ លេខ១៥ អ.ក/២២ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ដើម្បីសួរនាំ លើបណ្តឹងដែលឈ្មោះ អ៊ុក សារ៉ែន ភេទប្រុស អាយុ៤២ឆ្នាំ ប្តឹងពីបទក្លែងបន្លំឯកសារសាធារណៈ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២នេះ នៅចំណុចមូលដ្ឋានអាវុធហត្ថស្រុកវាលវែង ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពពីកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ បានឱ្យដឹងថា អតីតអភិបាលរងស្រុកវាលវែងរូបនេះ មានឈ្មោះ ឌី រឿង ហៅប្រុស ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងជាមន្ត្រីរដ្ឋបាលសាលាខេត្តពោធិ៍សាត់។

ក្រោយធ្វើការឃាត់ខ្លួន ដើម្បីសួរនាំ នៅការិយាល័យជំនាញ នៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តពោធិ៍សាត់ ជនសង្ស័យឈ្មោះ ឌី រឿង ហៅប្រុស បានឆ្លើយសារភាពថា ខ្លួនពិតជាបានក្លែងបន្លំឯកសារសាធារណៈ ដោយចុះហត្ថលេខាលើគំនូសប្លង់ បង្ហាញទីតាំងដីទំហំ១០៨ហិកតា នៅចំណុចអូរសួស្តី ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ប្រគល់ឱ្យឈ្មោះ អ៊ុក សារ៉ែន កាន់កាប់ពិតប្រាកដមែន។ យ៉ាងណាមិញ ជនសង្ស័យក៏នៅមានជាប់ពាក់ព័ន្ធ ករណីប្រើប្រាស់ស្លាកលេខ (ខ.ភ.ម) សម្គាល់យានជំនិះក្លែងក្លាយ ប្រើប្រាស់ដោយគ្មានសិទ្ធិ នូវយានយន្ត ព័ណ៌ត្រេអ៉ី ខ.ភ.ម និងករណីប្រើប្រាស់យានយន្តចង្កូតស្តាំងមិនបានបំពេញកាតព្វកិច្ចពន្ធ និងអាករបញ្ញត្តិ ស្តីពីច្បាប់គយផងដែរ។

ជនសង្ស័យ ឌី រឿង ហៅប្រុស ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ម្សិលមិញ រួចរាល់ហើយដែរ៕

Facebook Comments
Loading...