គណបក្សសង្កាត់ពញាពន់ ប្រារព្ធសន្និបាតបូកសរុបវាយតម្លៃអំពីសមិ​ទ្ធ​ផល៥ឆ្នាំកន្លងមក និងលើកទិសដៅបន្តសម្រាប់អភិវឌ្ឍសង្កាត់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧

0
405

ភ្នំពេញ ៖ កាលពីថ្ងៃអាទិត្យទី០៩ ខែមករា ឆ្នាំ២០២ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានធ្វើពិធីសន្និបាតគណ:កម្មាធិការគណបក្ស ក្រោមអធិបតីភាពលោក ពូ សាប៊ុតឌី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ពញាពន់ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ និងលោក សុខ សម្បត្តិ សមាជិកគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ ព្រមទាំងលោក លោកស្រី ក្រុមការងារចុះជួយសង្កាត់ ភូមិ និងសមាជិកសមាជិកាអង្គសន្និបាត សរុប ១៥០នាក់ផងដែរ។

គណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សសង្កាត់ពញាពន់ បានប្រារព្ធសន្និបាតបូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់អភិវឌ្ឍសង្កាត់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងកំណត់គោលនយោបាយសម្រាប់បន្តអភិវឌ្ឍសង្កាត់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ សំដៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ជាមួយគ្នានេះ សន្និបាតក៏បានប្រកាសបង្ហាញមុខបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ពញាពន់ ក្នុងអាណត្តិទី៥នេះផងដែរ ដែលមានចំនួន២៣នាក់ ពេញសិទ្ធ៧នាក់ និងបម្រុង។

ក្នុងឱកាសនោះលោក ពូ សាប៊ុតឌី បានមានប្រសាសន៍ថា ដើម្បីឈានឆ្ពោះទៅកាន់ជ័យជំនះក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ គណបក្សសង្កាត់ និងសមាជិកគណបក្សត្រូវប្រមូលផ្តុំ យកចិត្តទុកដាក់ការងារសំខាន់ៗមួយចំនួន រួមមានយើងរួមគ្នាខិតខំសម្រេចឲ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ នូវកិច្ចសន្យាជាមួយប្រជាជនកាលពីឆ្នាំ២០១៧ ដែលនៅសេសសល់។ ជាមួយគ្នានេះត្រូវកសាងសមិទ្ធផលថ្មីៗថែមទៀត ដែលអាចជះឥទ្ធិពលទាក់ទាញការគាំទ្រពីប្រជាជន។ បន្តការកសាងពង្រីកសមាជិកគណបក្សឲ្យបានគ្រប់ចំនួនឬលើស៧០% នៃចំនួនប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងគ្រប់គ្រងឲ្យបានណែនក្នុងដៃតាមរយៈសៀវភៅបក្ស។

លោកបន្តថា ដើម្បីសម្រេចការងារខាងលើ និងទទួលបានជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ នាពេលខាងមុខ គណបក្សសង្កាត់ សាខា អនុសាខា ក្រុមបក្ស មន្ត្រី និងសមាជិកគណបក្សគ្រប់រូប ពិសេសបេក្ខជនក្រុមប្រឹក្សាសង្កាត់ ត្រូវប្រកាន់ខ្ជាប់នូវចំណុចគន្លិះខាងក្រោម ដែលជាគោលការណ៍ផង និងជាបទពិសោធន៍ឈ្នះផង នោះគឺត្រូវ មានជំហររឹងមាំខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង។ មានវិន័យ របៀបរបបធ្វើការងារត្រឹមត្រូវ។ ចុះជាប់ជិតស្និតជាមួយប្រជាជន ខិតខំបំរើប្រជាជន។ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងអនុវត្តគោលការណ៍សមូហភាពដឹកនាំ។ ខិតខំធ្វើអំពើល្អជាមួយប្រជាជន។ បេក្ខជនត្រូវឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់របស់យើងដែលបានប្រកាសនាពេលនេះត្រូវបានបែងចែកកម្លាំងចុះទៅតាមភូមិ ដើម្បីធ្វើចលនាទាក់ទាញប្រជាពលរដ្ឋឲ្យគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យើងឲ្យមានប្រៀបឈ្នះក្នុងឆ្នាំ២០២២នេះ និងបន្តមានប្រៀបឈ្នះក្នុងការបោះឆ្នោតសកលក្នុងឆ្នាំ២០២៣ បន្តទៀត៕

Facebook Comments
Loading...