ជម្លោះផ្ទៃក្នុង៖ ប្រធានស្តីទីគណបក្សឯកភាពជាតិខ្មែរ គ្រោងប្តឹងអនុប្រធានទី១ទៅតុលាការ

0
391

ភ្នំពេញ ៖ ជម្លោះផ្ទៃក្នុងរវាងមន្ត្រីជាន់ខ្ពស់គណបក្សឯកភាពជាតិខ្មែរបានផ្ទុះឡើង ដោយសារតែការមិនចុះសម្រុងនឹងគ្នា និងឈានដល់ការប្រកាសប្តឹងផ្តល់គ្នាទៅតុលាការថែមទៀតផង ដែលជម្លោះនេះ បានកើតឡើងរវាងលោកស្រី ឡាក់ សុភាព ប្រធានស្តីទីគណបក្ស និងលោក អ៊ុន ជឹម អនុប្រធានទី១ គណបក្សឯកភាពជាតិខ្មែរ។

លោកស្រី ឡាក់ សុភាព ត្រូវគេដឹងថា ជាអតីតជំនួយការលោក កឹម សុខា អតីតអនុប្រធានទី២ រដ្ឋសភា និងលោក អ៊ុន ជឹម ជាមនុស្សនិយម សម រង្ស៊ី នឹងទើបតែមកពីអាមេរិក។

លោកស្រី ឡាក់ សុភាព ប្រធានស្តីទីគណបក្សឯកភាពជាតិខ្មែរ បានថ្លែងនៅក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី៨ ខែមករាថា នៅពេលដែលលោក អ៊ុន ជឹម មកពីសហរដ្ឋអាមេរិក មកធ្វើការនៅកម្ពុជា គឺមិនបានអនុវត្តតាមលក្ខន្តិកៈ របស់ គណបក្សនោះទេ និងបានដឹកនាំការងារ ក្នុងបក្សបែបអនាធិបតេយ្យ ហើយជា ពិសេស បុគ្គលនេះ បានក្លែងសារសម្លេងសម្តេចតេជោ ហ៊ុន សែន ថែមទៀតផង ចែកចាយដល់សមាជិកមូលដ្ឋាន និងនៅសហរដ្ឋអាមេរិក ដើម្បីវ៉ៃប្រហារ មកលើ លោកស្រី ដែលការក្លែងសារសម្លេងនេះ បានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសរបស់ ថ្នាក់ដឹកនាំ និងកិត្តិយស របស់លោកស្រី។

លោកស្រី ឡាក់ សុភាព បានលាតត្រដាងថា “បុគ្គលនេះ (អ៊ុន ជឹម) ជាអតីតសមាជិកបក្សប្រឆាំង និងជាសមាជិកក្លិប នៅអាមេរិក មានន័យថា ជាអ្នកបញ្ជូនសារ ឬក៏ស៊ើបការណ៍ ត្រង់នេះហើយ ដែលខ្ញុំបដិសេធចាប់ពីពេលធ្វើសន្និសីទមិនឲ្យ ជឹម អ៊ុន ដណ្តើមយកបក្សឯកភាពជាតិខ្មែរ ដោយបុគ្គលនេះ បង្កើតអប្បគមន៍នៅក្នុងបក្ស។ ហើយបុគ្គលនេះ បានផ្ញើសារមក គឺសុំឈប់សម្រាក ពីការងារបក្សមួយរយៈ ប៉ុន្តែបុគ្គលនេះ បានដើរធ្វើសកម្មភាពនៅគ្រប់ទៅកន្លែង នេះគឺជាការរំលោភបំពាន លក្ខន្តិកៈ និងបទបញ្ជាផ្ទៃ ក្នុងគណបក្ស”។

ជាមួយគ្នានេះ លោកស្រី ឡាក់ សុភាព បានអំពាវនាវ ទៅដល់សម្តេចយតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ជួយរកយុត្តិធម៌ឲ្យលោកស្រីផង។

លោកស្រី ឡាក់ សុភាព បានអះអាងថា លោកស្រី នឹងដាក់ពាក្យបណ្តឹងប្តឹងលោក អ៊ុន ជឹម ទៅតុលាការ នៅក្នុងពេលឆាប់ៗនេះ ពាក់ព័ន្ធករណីលោក អ៊ុន ជឹម ក្លែងសារសម្លេងសម្តេចតេជោ ហ៊ុន សែន និងសុំឲ្យតុលាការចាត់វិធានការលើបុគ្គលនេះ តាមផ្លូវច្បាប់ ពីព្រោះសារសម្លេង ដែលលោក អ៊ុន ជឹម ចែកចាយទៅដល់ សមាជិកនៅមូលដ្ឋាន គឺមិនមែនជាសម្លេង របស់សម្តេចនោះទេ។

លោក អ៊ុន ជឹម មិនអាចសុំការអត្ថាធិប្បាយបានទេ ទាក់ទងនឹងការលើកឡើង របស់លោកស្រី ឡាក់ សុភាព ប្រធានទីស្តី គណបក្សឯកភាពជាតិខ្មែរ៕

Facebook Comments
Loading...