សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបញ្ឈប់ទង្វើអសីលធម៌របស់គូស្រករ មួយចំនួន  បើឈ្លោះលេងលះគ្នា ទុកមុខរាប់អានគ្នាបានទេ កុំជេរគ្នាហែកកេរ្តិ៍គ្នាតាមហ្វេសបុក ព្រោះប៉ះពាល់ដល់កូនៗ ធ្វើឱ្យកូនរៀនសូត្រអត់បាន

0
444

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានអំពាវនាវគូស្រករ ដែលបានចែកផ្លូវគ្នា គួរតែបញ្ឈប់ទង្វើអសីលធម៌ ដែលឈ្លោះហែកកេរ្តិ៍គ្នាលើបណ្តាញសង្គម។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឱ្យគូស្រករដែលបែកបាក់គ្នានោះ កុំហែកកេរ្តិ៍គ្នាលើ Facebook គួរទុកកិត្តិយសឱ្យគ្នាទៅវិញទៅមក ជាពិសេសកិត្តិយសកូនៗ។

ការថ្លែងអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតកីឡាប៉េតង់ នៅអេស្ប៉ាញ ដែលរៀបចំឡើងនៅវិមានសន្តិភាព នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា «ខ្ញុំអង្វរករចំពោះក្មួយៗ ការក្រឡេកឃើញវាគួរឲ្យស្រណោះ ឲ្យគួរតែត្រូវបានបញ្ឈប់ នៅពេលដែលស្រឡាញ់គ្នាអត់បញ្ហា ដល់ពេលលែងលះគ្នា ស្រាប់តែបង្ហោះ Facebook ជេរគ្នាពេញទឹក ពេញដី […] ឥឡូវយើងឃើញច្រើនគូណាស់ នៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីការបែកបាក់ហើយជេរគ្នា។ ខ្ញុំស្នើសុំ តើទុកកិត្តិយសឲ្យគ្នាបានទេ ហោចណាស់ធ្លាប់ស្រឡាញ់គ្នា បន្ថែមលើនោះតើកិត្តិយសកូនរបស់យើងទៅជាយ៉ាងណា? ពេលឈ្លោះគ្នាគេមើលងាយ ហើយអនាគតគេមើលងាយកូន»។

សម្តេចតេជោបញ្ជាក់ថា ការឈ្លោះហែកកេរ្តិ៍គ្នារបស់ឪពុកម្តាយ ធ្វើឲ្យប៉ះពាល់អារម្មណ៍កូនយ៉ាងធ្ងន់ធ្ងរ រួមទាំងការសិក្សាផងដែរ ដូច្នេះបើគូស្រករណាមានបញ្ហាចែកផ្លូវគ្នា គួរតែត្រូវចែកផ្លូវគ្នាដោយស្ងាត់ស្ងៀម និងទុកកិត្តិយសរាប់អានគ្នា។សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងចាត់ទុកការអំពាវនាវរបស់សម្តេចដល់គូស្រករ ដែលមានបញ្ហាលែងលះ ឲ្យបញ្ឈប់ការប្រើប្រាស់បណ្តាញសង្គម សម្រាប់ហែកហួរគ្នានេះ គឺជាការអប់រំរបស់សម្តេច ដែលមានបទពិសោធន៍ ៤៦ឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍។សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា សុខសុភមង្គលរបស់គូស្រករនីមួយៗ មិនសំខាន់លើការរៀបចំពិធីធំតូចនោះទេ។ អ្នករៀបពិធីត្រឹមសែន តែរួមរស់គ្នាដល់ចាស់ គូខ្លះរៀបចំពិធីធំដុំ តែរួមរស់នឹងគ្នាបន្តិចក៏បែកទៅវិញ ហើយថែមទាំងជេរគ្នាទៀត។

សម្តេចតេជោ ហ៊ុន សែន បន្តថា«ខ្ញុំអង្វរបើឈ្លោះលេងលះគ្នា ទុកមុខរាប់អានគ្នាបានទេ កុំជេរគ្នាហែកកេរ្តិ៍គ្នាតាមហ្វេសបុក ព្រោះប៉ះពាល់ដល់កូនៗ ធ្វើឱ្យកូនរៀនសូត្រអត់បាន អ្នកខ្លះ ក្រការហើយគេរស់នៅសុខគ្នា ហើយអ្នកខ្លះមាននោះមាន ការហើយបែកបាក់គ្នា លេងលះគ្នាគ្មានសេចក្តីសុខ»៕

Facebook Comments
Loading...