សិស្សសាលាចំនួន០៣នាក់ ត្រូវបានបាញ់ស..ម្លាប់ និងសិស្សចំនួន០៨នាក់ផ្សេងទៀតបានរងរបួសនៅវិទ្យាល័យក្នុងរដ្ឋ Michigan

0
290

(Reuters) – នគរបាលបាននិយាយថា ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ បានបាញ់ប្រហារដោយកាំភ្លើងខ្លីពាក់កណ្តាលស្វ័យប្រវត្តិនៅឯវិទ្យាល័យក្នុងរដ្ឋ Michigan ដែលបណ្តាលឲ្យសិស្សរួមវិទ្យាល័យចំនួនបីនាក់ បានស្លា..ប់ និងសិស្សចំនួន០៨នាក់ ផ្សេងទៀតបានរងបួស ខណៈដែលជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗ ។

ការិយាល័យតម្រួតក្រុង Oakland បាននិយាយថា ក្នុងចំណោមអ្នករងរបួស ម្នាក់គឺជាគ្រូបង្រៀន និងអ្នកផ្សេងទៀតគឺជាសិស្សសាលានៅវិទ្យាល័យ Oxford ក្នុងទីក្រុង Oxford រដ្ឋ Michigan សហរដ្ឋអាមេរិក ដែលមានចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រ ភាគខាងជើងនៃក្រុង Detroit ។

ក្រុមមន្ត្រីបាននិយាយថា មូលហេតុនៃការបាញ់ប្រហារនេះមិនទាន់ដឹងនៅឡើយទេ។ អនុប្រធានតម្រួតក្រុងលោក Michael McCabe បានប្រាប់អ្នកកាសែតនៅកន្លែងកើតហេតុថា អ្នកស្លាប់ទាំងនោះមានក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ ក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ និងក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់។ លោក McCabe បាននិយាយថា អ្នករងរបួសចំនួនពីរនាក់ កំពុងទទួលការវះកាត់ និងអ្នករងរបួសចំនួន ០៦នាក់ ផ្សេងទៀតស្ថិតក្នុងស្ថានភាពនឹងនរ។

លោក McCabe បាននិយាយថា ជនសង្ស័យជាសិស្សសាលានៅវិទ្យាល័យនោះ ហើយត្រូវបានគេជឿថា បានធ្វើសកម្មភាពបាញ់ប្រហារតែម្នាក់ឯង និងត្រូវបានចាប់ខ្លួនដោយគ្មានការតបត បន្ទាប់ពីបានបាញ់ប្រហារចន្លោះពី១៥ ទៅ២០គ្រាប់។

លោក McCabe បាននិយាយថា “ការបាញ់ប្រហារនោះមានរយៈពេលប្រាំនាទី” ។លោក McCabe បាននិយាយបន្ថែមទៀតថា ជនសង្ស័យមិនបានប្រាប់អ្វីដល់នគរបាលឡើយ និងបានទាមទារសិទ្ធិរកមេធាវី ដោយត្រូវបានណែនាំពីឪពុកម្តាយមិនឲ្យនិយាយស្តីពីបញ្ហានេះ៕

Facebook Comments
Loading...