សមាជិកក្រុមប្រឹក្សាស្នើឲ្យរដ្ឋបាលខណ្ឌ ពន្លឿនការរុះរើរបងនៅលើទំនប់ដែលធ្លាប់មានទំនាស់ នៃដី៩៣ក្នុងសង្កាត់ពញាពន់ ឲ្យបានឆាប់

0
90

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៣របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សមាជិកក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានស្នើឲ្យរដ្ឋបាលខណ្ឌសូមជួយពន្លឿនការរុះរើរបង ដែលក្រុមហ៊ុន១ តំណាងដោយឈ្មោះ អ៊ុយ បូវី បានសង់លើទំនប់នៃទីតាំងដីធ្លាប់មានទំនាស់ ដែលត្រូវបានគេហៅឈ្មោះថា ដី៩៣ ស្ថិតក្នុងភូមិធំត្បូង នៃសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក វ៉ែន ស៊ីនួន សមាជិក ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានលើកឡើងថា ក្រោយពីមានការសម្របសម្រួលរបស់រដ្ឋបាលខណ្ឌ ក្រុមហ៊ុននោះបានយល់ព្រម រុះរើ របងរបស់ខ្លួនចេញពីលើទំនប់នោះហើយ។ តែក្រោយពីយល់ព្រមរុះរើ មកទល់ពេលនេះ រយៈពេល៣ខែហើយរបងនោះនៅតែមិនទាន់រុះរើនៅឡើយ។ ដូចនេះសូមលោក អភិបាលខណ្ឌជួយជម្រុញការងារនេះឲ្យបានឆាប់រហ័ស ដើម្បី ឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើឆ្លងកាត់បាន ហើយម៉្យាងទៀត ដោយសារកន្លងមក មានផ្នែកខ្លះនៃរបងនេះ មានការដួលរលំ ដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផងដែរ។

ឆ្លើយតបទៅនឹងសំណើខាងលើ លោក សុខ សម្បត្តិ អភិបាលនៃអគណៈអភិបាលខណ្ឌព្រែកព្នៅបានលើកឡើងថា ដី៩៣ ស្ថិតក្នុងសង្កាត់ពញាពន់នេះ មានការទិញដូរតាំងពីឆ្នាំ១៩៩៣មកម្លេះ ក្រោយមកក៏មានកើត វិវាទគ្នារវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ។ រហូតមកដល់ឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ដោយមានការដោះស្រាយសម្របសម្រួល ជាបន្ដបន្ទាប់ ដោយរូបលោកផ្ទាល់ ដែលជាប្រធាន និងក្រុមការងារ គណៈកម្មាការដោះស្រាយទំនាស់ដីធ្លី ថ្នាក់ខណ្ឌ ទីបំផុតវិវាទនេះត្រូវបានដោះស្រាយ ជូនគូវិវាទទាំងសងខាងអាចទទួលយកបាន។ បញ្ហាដែលនៅសេសសល់គឺនៅសល់តែរបង ដែលមិនទាន់រុះរើ។ តាមពិតរបងនេះក្រុមហ៊ុនបានយល់ព្រមរុះរើហើយក្នុងពេលដោះស្រាយ នៅចំពោះ គណៈកម្មាការដោះស្រាយទំនាស់ដីធ្លី ថ្នាក់ខណ្ឌនិងប្រជាពលរដ្ឋ។

លោក អភិបាលខណ្ឌបានបញ្ជាក់ថាលោក និងពិនិត្យឡើងវិញ ហើយជំរុញការងារនេះឲ្យបានលឿន ឆ្លើយតបទៅនិងសំណូមពររបស់ប្រជាពលរដ្ឋ។ លោក បានដាក់ គោលការ​ណ៍ ដល់ការិយាល័យជំនាញ សូមចាប់ផ្ដើមកិច្ចការនេះឡើងវិញជាមួយនេះ ត្រូវដឹងថា ក្នុងភូមិសាស្ដ្រខណ្ឌព្រែកព្នៅ ដីមិនទាន់ចុះបញ្ជីនៅមានច្រើន ដូចនេះបញ្ហាទំនាស់ដីធ្លីក៏មានច្រើនដែរ ទាំងទំនាស់លើដីឯកជន និងនិការរំលោភបំពាន ដីសាធារណៈរបស់រដ្ឋ។ លោក សុខ សម្បត្តិ បានណែនាំដល់រដ្ឋបាលសង្កាត់ និ ភូមិ ត្រូវគ្របគ្រងតាមដានឲ្យបានជាប់លាប់ នៅតំបន់ដែលអាចមាន ការរំលោភបំពារបំពានលើប្រឡាយ ផ្លូវ ឬចំណីផ្លូវជាដើមគឺនៅពេលគេបោះបង្គោល មិនទាន់រឹងមាំ គឺត្រូវថតរូបភាព រាយការណ៍ មកថ្នាក់ខណ្ឌកុំចាំគេធ្វើរបងរឹងមាំ ដើម្បីមានវិធានទប់ស្កាត់បានទាន់ពេលវេលា៕

Facebook Comments
Loading...