ទឹកឡើងកម្ពស់ប្រកាសអាសន្នអាជ្ញាធរអំពាវនាវ ដល់ប្រជាពលរដ្ឋដែលរស់នៅប្របមាត់ស្ទឹងខាងលើ ពោធិសាត់សូមមានការប្រុងប្រយ័ត្នខ្ពស់

0
122

ពោធិ៍សាត់ ៖ អាជ្ញាធរអំពាវនាវ ដល់ប្រជាពលរដ្ឋដែលរស់នៅប្របមាត់ស្ទឹងខាងលើ ពោធិសាត់សូមមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំទុកដាក់កូនចៅ សត្វពាហនៈឱ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ បន្ទាប់ពីទឹកស្ទឹងឡើងដល់កម្ពស់៥.០៦ម៉ែត្រហើយ (កម្ពស់ប្រកាសអាសន្នគឺ ៥ម៉ែត្រ) នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យដឹងទៀតថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បច្ចុប្បន្នមានកម្ពស់ ៥.០៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្នគឺ ៥ម៉ែត្រ) រីឯស្ទឹងក្រវាញមានកម្ពស់ ៣.៤៩ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែងមានកម្ពស់ ២.៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។

លោកបន្តថា ប្រសិនបើមិនមានភ្លៀងបន្ថែម នៅផ្នែកខាងលើនៃស្រុកវាលវែង និងស្រុកភ្នំក្រវាញទេនោះ ទឹកស្ទឹងពោធិ៍សាត់នឹងស្រកវិញ ក្នុងពេល៦ម៉ោងក្រោយ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលរស់នៅរ៉បមាត់ស្ទឹងខាងលើ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំទុកដាក់កូនចៅ សត្វពាហនៈឱ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។ លោកប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមថា ទោះបីជាយ៉ាងណាលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយណាមួយកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ សួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃ១១ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រសួងបានបញ្ជាក់ថា កម្ពុជានឹងទទួលឥទ្ធិពល ពីជើងនូវទ្រនុងសម្ពាធខ្ពស់ ពីប្រសព្វនឹងជ្រលងសម្ពាធទាបប៉ាស៉ីហ្វិក ទូលពីក្រោមឡើងលើ។ លក្ខណៈបែបនេះនឹងបណ្តាលឱ្យមាន ភ្លៀងធ្លាក់ពីកម្រិត ខ្សោយទៅច្រើនទៅតាមតំបន់ ដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀង៕

Facebook Comments
Loading...