សមត្ថកិច្ចបង្ក្រាបក្រុមចោរកាប់ប្លន់ស្លាកលេខម៉ូតូនៅក្នុងរាជធានីភ្នំពេញជាច្រើនលើក

0
907

ភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌដង្កោសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោធ្វើការបង្ក្រាបក្រុមជនសង្ស័យ៦នាក់ ដែលតែងតែធ្វើសកម្មភាពប្លន់ម៉ូតូនិងយកស្លាកលេខម៉ូតូបានសម្រេចជាច្រើនលើក កាលពីវេលាម៉ោង៥ និង០០នាទី ល្ងាចថ្ងៃ២៧ខែតុលាឆ្នាំ២០២១ នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ជនរងគ្រោះ ២នាក់ ទី០១ឈ្មោះ យ៉ាន យ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ទី០២ឈ្មោះ សាត សំណេត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យ ទី០១ ឈ្មោះ បាន ពេជ្រ ហៅ ទូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី០២ឈ្មោះ   វ៉ាន់ លីវ៉ាយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក ទី០៣ឈ្មោះ ភី វិបុល ហៅ បឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ទី០៤ឈ្មោះ ធូ ចាន់រិទ្ធិសែម ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) ទី០៥ ឈ្មោះ គង់ កុសល់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ទី០៦ឈ្មោះ ឈៀង សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) ។

លោកវរសេនីយឯក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា   កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៥ និង០០នាទីល្ងាច ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ 1BK-8868  ឌុបគ្នាទៅលេងបាល់ទះ នៅតារាងបាល់ទាត់ ហ្គាឡាក់ស៊ី ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ពេលជនរងគ្រោះឌុបគ្នាទៅដល់ខាងមុខតារាងបាល់ទាត់  ហ្គាឡាក់ស៊ី ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា ០៨នាក់ ជិះម៉ូតូ ចំនួន០៤គ្រឿង បានមកដល់ដែរ រួចជនសង្ស័យឈ្មោះ ឈៀង សីហា បានចុះពីលើម៉ូតូកាន់កាំបិតប៉័ងតោរត់សំដៅចូលទៅកាប់ជនរងគ្រោះឈ្មោះ យ៉ាន យ៉ាន់ រងរបួសត្រង់ចង្កេះផ្នែកខាងក្រោយ ចំហៀងខាងស្តាំ (របួសធ្ងន់) និងកាប់ត្រូវជនរងគ្រោះឈ្មោះ សាត សំណេត រងរបួសស្មាខាងស្តាំមួយកាំបិត (របួសស្រាល) ហើយជនសង្ស័យ និងបក្ខពួក ថែមទាំងបានកាប់យកផ្លាកលេខម៉ូតូភ្នំពេញ 1BK-8868 របស់ជនរងគ្រោះឈ្មោះ សាត សំណេត ជិះគេចខ្លួនបាត់ ។

បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ នាំជនរងគ្រោះទាំង ២នាក់ ទៅព្យាបាលនៅក្លីនិក សួគ៌ា សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រួចឈ្មោះ យឿន យ៉ាន ភេទប្រុស អាយុ៤១ឆ្នាំ (ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះឈ្មោះ យ៉ាន យ៉ាន់)  និងឈ្មោះ ស៊យ សាត ភេទប្រុស អាយុ៤១ឆ្នាំ (ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះឈ្មោះ សាត សំណេត) បានដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ ។ លុះដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៥ និង០០នាទីល្ងាច កម្លាំងសម្ថកិច្ចខណ្ឌដង្កោបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ជាបន្តបន្ទាប់ រួមនិងវត្ថុតាង ១/ម៉ូតូ ម៉ាក ស៊ុយស៊ូគីនិច ពណ៌លឿងលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1FI-2877 ចំនួន ០១គ្រឿង ២/ម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន ០១គ្រឿង ៣/ទូរស័ព្ទដៃចំនួន ០៣គ្រឿង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា បក្ខពួករបស់គេពិតជាបានធ្វើសកម្មភាពវ៉ៃប្លន់ស្លាកលេខម៉ូតូរបស់ជនរងគ្រោះទាំង ២នាក់ពិតប្រាកដមែន ហើយកន្លងមកក្រុមពួកគេតែងតែវាយប្លន់ម៉ូតូនឹងយកស្លាកលេខម៉ូតូរបស់ប្រជាពលរដ្ឋជាច្រើនលើកច្រើនសារនៅក្នុងរាជធានីភ្នំពេញ៕

Facebook Comments
Loading...