ចិនបាញ់បង្ហោះយានជំនិះទេវតា ផ្ទុកអវកាសយានិកចិនសរុបចំនួន០៣រូប ឡើងទៅកាន់ស្ថានីយអវកាសថ្មីបានដោយជោគជ័យ

0
104

ជីក្វាន់ ៖ ប្រទេសចិនបានបាញ់បង្ហោះយានអវកាសឈ្មោះថា ហ្សិនចូវ ១៣ (Shenzhou-13) ឬ «យានជំនិះទេវតា» ផ្ទុកអវកាសយានិកចិនសរុបចំនួន ០៣រូប ឡើងទៅកាន់ស្ថានីយអវកាសថ្មី ដែលខ្លួនកំពុងកសាងនោះហើយ នៅពេលរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១នេះ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

យានអវកាសថ្មីខាងលើនេះមានឈ្មោះថា ហ្សិនចូវ ១៣ (Shenzhou-13) ឬ «យានជំនិះទេវតា» (នៅក្នុងអត្ថន័យរបស់ភាសាចិន) ត្រូវបានដឹកនាំដោយគ្រាប់រ៉ុក្កែត Long March-2F ចេញពីមូលដ្ឋានបាញ់បង្ហោះ ជីវក្វាន់ (Jiuquan) ស្ថិតក្នុងតំបនវាលខ្សាច់ ហ្គោពី (Gobi) នៃខេត្ត កាន់ស៊ូ (Gansu) ភាគពាយ័ព្យប្រទេសចិន កាលពីវេលាម៉ោង១២ និង២៣នាទីអធ្រាត្រ (ម៉ោងនៅទីក្រុងប៉េកាំង)។

គួរបញ្ជាក់ថា នៅក្នុងយាន Shenzhou-13 នោះមានអវកាសយានិកសរុប ៣រូបដូចជា លោក ចាយ ជីហ្គាង (Zhai Zhigang) អាយុ ៥៥ឆ្នាំ, លោកស្រី វ៉ាង យ៉ាងពីង (Wang Yaping) អាយុ ៤១ឆ្នាំ និងលោក យែ ក្វាងហ្វ៊ូ (Ye Guangfu) អាយុ ៤១ឆ្នាំ។ ក្រុមអវកាសយានិកចិនលើកនេះ នឹងត្រូវស្នាក់នៅក្នុងទីអវកាសចំនួន៦ខែ ដែលជាបេសកកម្មនៅទីអវកាស មានរយៈពេលយូរបំផុតសម្រាប់ប្រទេសចិន។

បេសកកម្មយាន Shenzhou-13 គឺជាបេសកកម្មទី៥ ក្នុងកិច្ចប្រឹងប្រែងសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិន ដែលបានចាប់ផ្តើមដំបូង កាលពីខែមេសា ឆ្នាំ២០២១ នៅពេលកំណាត់បន្ទប់ស្នូល ធានហឺ (Tianhe) ត្រូវបានបញ្ជូនឡើងទីអវកាស។ វាក៏នឹងជាបេសកកម្មបញ្ជូនមនុស្សជើងទី២ផងដែរ ដោយក្រុមអវកាសយានិកជើងទី១ទើបតែបានត្រឡប់មកដល់ផ្ទៃផែនដីវិញ កាលពីពាក់កណ្តាលខែមុន ក្រោយបំពេញបេសកកម្មរយៈពេល៩០ថ្ងៃ។

មកទល់ពេលនេះ ប្រទេសចិនបានបញ្ជូនអវកាសយានិកខ្លួនសរុប១៤នាក់ ឡើងទៅកាន់ទីអវកាស គិតចាប់តាំងពីឆ្នាំ២០០៣មក នៅពេលដែលចិនក្លាយជាប្រទេសទី៣ បន្ទាប់ពីអតីតសហភាពសូវៀត (រុស្ស៉ី) និងសហរដ្ឋអាមេរិក ដែលបានសម្រេចរឿងបែបនោះដោយខ្លួនឯង៕

Facebook Comments
Loading...