បុរសម្នាក់ដឹកបន្លែត្រកួនមកពីខេត្តព្រៃវែង ជិតដល់គោលដៅទៅហើយស្រាប់តែងោកមួយភាំងរេចង្កូតទៅបុករថយន្តគេពីក្រោយ

0
797

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកបន្លែត្រកួនមកពីខេត្តព្រៃវែង យកឲ្យម៉ូយនៅផ្សារដើមគរ ខណៈជិតដល់គោលដៅទៅហើយស្រាប់តែងោកមួយភាំងរេចង្កូតទៅបុករថយន្តគេពីក្រោយដែលចតមុខផ្ទះចំពីក្រោយបណ្ដាលរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសម្ដីបុរសម្នាក់ជាម្ចាស់រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដា ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AI-6944 បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នៅយប់កើតហេតុរូបគាត់បានបើករថយន្តដឹកបន្លែត្រកួនមកពីស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីយកមកឲ្យម៉ូយនៅផ្សារដើមគរ ស្រាប់តែមកដល់កន្លែងកើតហេតុក៏ងោកមួយភាំងធ្វើឲ្យរេចង្កូតឡើងលើចញ្ចើមផ្លូវទៅបុករថយន្ត Tacoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BK-6971 ដែលចតចោលមុខផ្ទះចំពីក្រោយផ្នែកខាងស្ដាំនិងរុញទៅបុករ៉ឺម៉កសណ្ដោងថែមទៀតបណ្ដាលឲ្យរងការខូចខាត រីឯរថយន្តបង្កក៏រងការខូចខាតយ៉ាងដំណំផងដែរ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ហើយក៏មិនបង្កឲ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋផងដែរ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ តែភាគីទាំងពីរសុំធ្វើការចចារមួយជំហ៊ាន ដោយភាគីរថយន្តTacoma ដែលរងគ្រោះបានសុំឲ្យភាគីបង្កយករថយន្តរបស់ខ្លួនទៅជួសជុលឲ្យស្អាតដូចដើមដើម្បីបញ្ចប់រឿង៕

Facebook Comments
Loading...