បុរសម្នាក់ជិះម៉ូតូម្នាក់ឯងសុខៗស្រាប់តែរថយន្ត Prius បុកពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់

0
1064

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម្នាក់ឯងសុខៗស្រាប់តែរថយន្ត Prius បុកពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង២៥នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២១៧ (ចំការដូង ) ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ Honda Click ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1CF-1146 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងមកត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែត្រូវរថយន្តម៉ាក Toyota Prius ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2BD-3100 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាមកបុកពីក្រោយ បណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់។ ភ្លាមៗប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសាមុយចុះមកដឹកយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួសផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ឲ្យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នានាពេលក្រោយ៕

Facebook Comments
Loading...