យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកម៉ូតូ១គ្រឿងកំពង់បត់ឆ្វេងបណ្តាលឲ្យរងរបួសខ្លួនឯងយ៉ាងទម្ងន់

1
119

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពង់បត់ឆ្វេងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចភ្លើងស្តុប២៤ម៉ោង តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1BZ- 1016បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច រួចហើយក៏បត់ទៅឆ្វេង។ លុះបើកមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1Z-4215 បើកបរដោយយុវជនម្នាក់ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូស្គូពីពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូស្គូពីរងរបួសស្រាល ឯម្ចាស់ម៉ូតូហុងដាឌ្រីមរងរបួសធ្ងន់ ចំណែកម៉ូតូរងការខូចខាតទាំងសងខាងយ៉ាងដំណំ។

ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានទៅដល់ រួចបានឲ្យភាគីទាំសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីទាំងសងខាងបានយកម៉ូតូទៅជុសជុលដោយខ្លួនឯងរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Facebook Comments
Loading...

1 COMMENT

Comments are closed.