ជនសង្ស័យម្នាក់ប្លន់ដោយយកជើងធាក់ម៉ូតូ យកទៅបានសម្រេចនៅខណ្ឌច្បារអំពៅ តែមកជាប់ខ្នោះសមត្ថកិច្ចខណ្ឌចំការមន

0
653

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពធាក់ម៉ូតូពីបុរសម្នាក់កំពុងដឹកក្មេងតូចម្នាក់ទៀតឲ្យដួល រួចយកម៉ូតូជិះគេចខ្លួនតាំងពីក្រោមស្ពានច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ តែត្រូវប្រជាពលរដ្ឋជិះម៉ូតូដេញតាមស្រែកថាចោរៗផ្អេីលដល់សមត្ថកិច្ចខណ្ឌចំការមន ក៏ឃាត់ខ្លួនបាននៅតាមបណ្ដោយផ្លូវ៩៩ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលឃាត់ខ្លួនបានមានឈ្មោះជា រស្មី (ហៅអាក្អែប) អាយុ២៦ឆ្នាំ  មុខរបបនិងស្នាក់នៅមិនពិតប្រាកដ។

យោងតាមសម្ដីយុវជនពីរនាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ  ពួកគេបានទៅទិញម្ហូបនៅផ្សារច្បារអំពៅ ហើយជិះកាត់ក្រោមស្ពានច្បារអំពៅ ក៏ឃើញជនសង្ស័យខាងលើដើរទៅធាក់ម៉ូតូពីបុរសម្នាក់កំពុងដឹកក្មេងប្រុសម្នាក់ទៀតអាយុប្រហែល៥ឆ្នាំ បណ្ដាលឲ្យដួលហើយលើកយកម៉ូតូជិះគេចខ្លួន។ ភ្លាមនោះដែរ ជនរងគ្រោះក៏ស្រែកថាចោរៗ ទើបយុវជនពីរនាក់ខាងលើនោះជិះម៉ូតូដេញតាមរហូតមកដល់ផ្លូវ៩៩ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ទើបជនសង្ស័យជិះម៉ូតូដួល ក៏ត្រូវបានសមត្ថកិច្ចខណ្ឌចំការមនចាប់វាយខ្នោះតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន បានដឹកជនសង្ស័យ និងយកម៉ូតូជនរងគ្រោះទៅប្រគល់ឲ្យសមត្ថកិច្ចខណ្ឌច្បារអំពៅ ដើម្បីអនុវត្តន៍តាមនីតិវិធី៕

Facebook Comments
Loading...