អាជ្ញាធរត្រៀមលុយជាង៦លានដុល្លារ និងយានជំនិះជាង១ពាន់គ្រឿង ដើម្បីជួយពលរដ្ឋពេលជួបគ្រោះទឹកជំនន់នារដូវវស្សានេះ

0
715

ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរួចរាល់នូវឧបករណ៍សង្គ្រោះបន្ទាន់ និងយានជំនិះផ្សេងៗ ជាង១៤០០គ្រឿង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលអាចនឹងជួបបញ្ហាគ្រោះមហន្តរាយដោយទឹកជំនន់ក្នុងរដូវវស្សា នៅឆ្នាំ២០២១នេះ។

ក្នុងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែសីហា និងទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ក្រុមការងារនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការពិនិត្យតាមដានជាប្រចាំ អំពីស្ថានភាពអាកាសធាតុ ដែលងាយបង្កឲ្យមានជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ជាពិសេសនៅតំបន់ភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រ។

របាយការណ៍បន្តថា ក្រុមការងារកំពុងពិនិត្យផ្ទៀងផ្ទាត់តំបន់ភូមិសាស្រ្ត តាមដងទន្លេមេគង្គ សម្រាប់ការត្រៀមលក្ខណៈឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ចំពោះគ្រោះទឹកជំនន់ទន្លេមេគង្គ ហើយនឹងពង្រឹង-ពង្រីកការងារក្នុងប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ មានប្រព័ន្ធ១២៩៤ និងប្រព័ន្ធ PRISM ដោយមានកិច្ចសហការជាមួយអង្គការដៃគូ សម្រាប់ឆ្លើយតប និងអន្តរាគមន៍ជួយសង្គ្រោះ។

របាយការណ៍បញ្ជាក់ថា “ក្នុងនោះបានត្រៀមរថយន្តធំចំនួន ១ ២០៦គ្រឿង, អូប័រ១៧៩គ្រឿង និងកាណូតល្បឿនលឿនចំនួន ៣២០គ្រឿង សម្រាប់ជួយសង្គ្រោះពលរដ្ឋរងការប៉ះពាល់ដោយគ្រោះមហន្តរាយទឹកជំនន់ ក្នុងរដូវវស្សាឆ្នាំនេះ ។ ស្ថាប័នជាតិមួយនេះ ទទួលបានជំនួយរាជរដ្ឋាភិបាល ប្រព័ន្ធស្បៀងបម្រុងកម្ពុជា, ជំនួយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គិតជាថវិកាចំនួន ៦ ៤០៩ ៥៦៩ដុល្លារ, ជំនួយពីស្ថាប័នព្រះមហាក្សត្រ និងស្ថាប័នជាតិ នូវសម្ភារៈ ស្បៀងអាហារ និងថវិកា, រួមទាំងជំនួយពីស្ថាប័នក្រៅរដ្ឋាភិបាល និងសប្បុរសជន សម្រាប់ចែកជូនពលរដ្ឋរងគ្រោះផងដែរ”។

គួរបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយគ្រោះមហន្តរាយជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានរាជធានី និងខេត្តទាំង២៤ ក្នុងនោះខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ រងគ្រោះធ្ងន់ បង្កឲ្យមានមនុស្សស្លាប់ចំនួន ៥៨នាក់ ពលរដ្ឋរងផលប៉ះពាល់ចំនួន ២២២,៨៩២គ្រួសារ និងពលរដ្ឋជម្លៀសសរុបចំនួន ១៧,៥១៧គ្រួសារ៕

Facebook Comments
Loading...