ស្រាទំពាំងបាយជូ និងស្រាសសញ្ញា”មាស ហុង អាចបង្កឱ្យមនុស្សស្លា..ប់ប្រសិនបើបរិភោគស្រានេះក្នុងកម្រិតកំណត់មួយ

0
584

ភ្នំពេញ ៖ មន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បន្តនីតិវិធីចុះប្រមូលផលិតផលស្រាទំពាំងបាយជូ និងស្រាស សញ្ញា” មាស ហុង “នៅតាមបណ្តាទីតាំងចែកចាយក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីបានស្រាវជ្រាវរកឃើញមូលហេតុ ដែលមណ្តាលឱ្យមនុស្សចំនួន៣នាក់ ស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ថ្មីៗនេះ នៅរាជធានីភ្នំពេញ និងបន្ទាប់ពីចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិត និងចែកចាយស្រានានា ដើម្បីប្រមូលវត្ថុតាងសម្រាប់ដាក់បន្ទុក ជាពិសេសដើម្បីការពារអាយុជីវីតប្រជាពលរដ្ឋ ដែលអាចនឹងកើតមានជាយថាហេតុ ពីការបរិភោគស្រាទំពាំងបាយជូឬស្រាសនេះ។ មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ បានបន្តនីតិវិធី ចុះត្រួតពិនិត្យ និងប្រមូលត្រឡប់មកវិញនូវផលិតផលស្រាទំពាំងបាយជូ និងស្រាស សញ្ញា”មាស ហុង “នៅបណ្តាទីតាំងចែកចាយ និងកន្លែងលក់ស្រាក្នុងរាជធានីភ្នំពេញ។

ជាក់ស្ដែង ផលិតផលស្រាទំពាំងបាយជូ និងស្រាស សញ្ញាមាស ហុង ត្រូវបានមន្ទីរពិសោធន៍ អគ្គនាយកដ្ឋានក.ប.ប.រកឃើញមានវត្តមានសារធាតុមេតាណុលក្នុងកម្រិតខ្ពស់ ដែលអាចបង្កឱ្យស្លាប់បាត់បង់ជីវិត ប្រសិនបើបរិភោគស្រានេះក្នុងកម្រិតកំណត់មួយ។លទ្ធផលមន្រ្តីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញនិងប្រមូល ស្រាទំពាំងបាយជូ និងស្រាស សញ្ញាមាស ហុងបានចំនួន ១,២៥៣ដប ស្មើនឹង៦២៧ លីត្រ មករក្សាទុកដើម្បីកំទេចចោល។

ជាថ្មីម្តងទៀតអគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីការពារអាយុជីវិតរបស់លោកអ្នក សូមបញ្ឈប់ជាបន្ទាន់ការបរិភោគស្រាដែលគ្មានប្រភពច្បាស់លាស់ ពិសេសស្រាទំពាំងបាយជូ និងស្រាសសញ្ញាមាស ហុង។

សូមអំពាវនាវដល់អាជីវករទាំងអស់សូមបញ្ឈប់ការលក់ និងចែកចាយស្រាទំពាំងបាយជូនិងស្រាសសញ្ញាមាស ហុង និងសូមទាក់ទងប្រគល់ជូនសមត្ថកិច្ចនៃអគ្គនាយកដ្ឋានក.ប.ប. ដើម្បីធ្វើការកំទេចចោល៕

Facebook Comments
Loading...