គិតត្រឹមខែកក្កដា ឆ្នាំ២០២១ ​​ក្រុមហ៊ុនជប៉ុនវិ​និយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤៥គម្រោង ​មានទុនវិនិយោគសរុបប្រមាណ២,៨ប៊ីលានដុល្លារអាមេរិក

0
502

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤៥គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៨ប៊ីលានដុល្លារអាមេរិក និងនៅក្នុងតំបន់សេដ្ឋកិច្ចពិ​សេសចំនួន៦៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣៤០លានដុល្លារអាមេរិក។

សេចក្តីប្រកាសព័ត៌មាននេះបានចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១​ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ទាប់ពីកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដឹកនាំដោយលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahi​ro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា​ តាមប្រព័ន្ធវីដេអូដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC), និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជាមានចំនួនប្រមាណ ១៣០ រូប។

​កិច្ចប្រជុំទ្វេភាគីនេះជាផ្នែកមួយនៃយន្តការថែទាំវិនិយោគដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយសម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។

នៅក្នុង​កិច្ចប្រជុំ​នេះ ភាគីទាំងពីរបានបន្តពិភាក្សាលើរបៀបវារៈអាទិភាពមួយចំនួនរួមមាន៖១- ប្រាក់ឈ្នួលគោលអប្បបរមា និងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ, ២- កាតព្វកិច្ចពន្ធដារ, ៣- ឡូជីស្ទិក, ៤- ការផ្គត់ផ្គង់និងតម្លៃអគ្គិសនី, ៥- ការនាំចូលរថយន្ត ៦- គម្រោងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស ៧- ការរៀបចំសិក្ខាសាលាស្វែងយល់ពីរបៀបប្រើប្រាស់ ប្រព័ន្ធទិន្នន័យស្ដីពីសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់)។

លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិនិយោគិនជប៉ុនដែលជានិច្ចកាលតែងផ្តល់ទំនុកចិត្ដខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកប​​​ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធានានូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាចាំបាច់ដើម្បីបង្កើតបរិស្ថានវិនិយោគដែលមានភាពអំណោយផល។ លើសពីនេះ លោករដ្ឋមន្រ្តីប្រតិភូបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុនទាំងអស់ ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនវាយនភ័ណ្ឌដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សស្របតាមការចង្អុលបង្ហាញនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញឱ្យបានត្រឹមឆ្នាំ២០២៥។

​ឆ្លៀតក្នុងឱកាសនេះផងដែរ  លោករដ្ឋមន្រ្តីប្រតិភូក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានផ្ដល់ការឧបត្ថម្ភសម្ភារបរិក្ខារវេជ្ជសាស្រ្ត ឡានសង្គ្រោះបន្ទាន់ ព្រមទាំងវ៉ាក់សាំង AstraZeneca ចំនួន១លានដូសដល់កម្ពុជាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរឯកឧត្តមបានសម្ដែងនូវក្ដីសង្ឃឹមថា ក្រុមហ៊ុនអាកាសចរណ៍ ANA នឹងចាប់ផ្ដើមការហោះហើរផ្ទាល់រវាងប្រទេសជប៉ុន និងកម្ពុជាឡើងវិញនាពេលឆាប់ៗខាងមុខ ដែលនឹងជួយជំរុញឱ្យទំហំពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើង។

ចំណែគ ម៉ាសាហ៊ីរ៉ុ មីខាមី បានសាទរនិងវាយតម្លៃខ្ពស់ចំពោះចំណាត់ការយ៉ាងឆាប់រហ័សទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍  ដែលកម្ពុជាគឺជាប្រទេសទី២ ក្នុងអាស៊ានដែលមានអត្រាប្រជាជនបាន​​ចាក់វ៉ាក់សាំងខ្ពស់ជាងគេ ហើយជាលទ្ធផលបានធ្វើឱ្យសភាពការណ៍នៃការរីករាលដាលស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។ ជាងនេះទៅទៀត លោកបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធដែលកន្លងមកបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះបញ្ហាប្រឈម និងសំណូមពររបស់វិនិយោគិនជប៉ុន ដែលប្រការនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែទាំនិងផ្ដល់ភាពកក់ក្ដៅដល់វិនិយោគិនគ្រប់រូប។

​ដោយឡែក លោកប្រធាន JBAC បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំប្រឹងប្រែងជម្នះរាល់បញ្ហាប្រឈមនានា ដើម្បីផ្តល់នូវបរិយាកាសវិនិយោគដ៏ល្អប្រសើរលើគ្រប់វិស័យ និងបានជម្រាបជូនអង្គប្រជុំពីការប្តេជ្ញាចិត្តរបស់វិនិយោគិនជប៉ុនក្នុងការចូលរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ ៕

Facebook Comments
Loading...