ប៉ូលិសម្នាក់ទុកម៉ូតូរួចទៅបត់ជើង ត្រូវជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចបានសម្រេចតែគេចខ្លួនមិនបានសម្រេច

0
479

ភ្នំពេញ ៖ ប៉ូលិសម្នាក់ទុកម៉ូតូរួចទៅបត់ជើង ត្រូវជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចបានសម្រេចហើយជិះគេចខ្លួន រំពេជនោះសមត្ថកិច្ចដេញឡោមព័ទ្ធចាប់បានមកវិញ ដែលហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១ និង៥០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខហាងកាហ្វេមួយកន្លែង នៅរង្វង់មូលកងព្រំ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចបានទុកម៉ូតូនៅចំណុចក្បែររង្វង់មូលតាព្រហ្ម រួចបានដើរចូលក្នុងបន្ទប់ទឹកនៅហាងកាហ្វេមួយកន្លែងនៅក្បែរនោះ ភ្លាមនោះជនសង្ស័យបានដើរឡើងជិះម៉ូតូរបស់សមត្ថកិច្ចចេញទៅតែម្ដង។

ភ្លាមនោះក៏មានប្រជាពលរដ្ឋឃើញស្រែកឆោឡោឡើងផ្អើលដល់សមត្ថកិច្ច និងសន្តិសុខរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី ដែលយាមនៅតាមគោលដៅបានជួយដេញ និងឃាត់ខ្លួនបាននៅចំណុចការដ្ឋានស្នាក់នៅរបស់កម្មករមួយកន្លែង ក្នុងបរិវេណទីក្រុងជ្រោយចង្វា អូស៊ីអាយស៊ី យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា។

បច្ចុប្បន្ន ជនសង្ស័យកំពុងតែសាកសួរនាំនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាចាត់ការតាមបន្តតាមនីតិវិធី៕

Facebook Comments
Loading...