សមត្ថកិច្ចបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងក្នុងក្រុងបាត់ដំបង២កន្លែង និងឃាត់ខ្លួនអ្នកលេងល្បែងភ្នាល់ភ្លៀងជាច្រើននាក់

0
520

បាត់ដំបង ៖ កម្លាំងអន្តរាគមន៍បង្ការបង្ក្រាប សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានបង្ក្រាបទីតាំងប្រព្រឹត្តល្បែងភ្នាល់ទឹកភ្លៀងក្នុងក្រុង ២កន្លែងនិងឃាត់ខ្លួនអ្នកលេងល្បែងភ្នាល់ភ្លៀងជាច្រើននាក់ រួមទាំងដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួនធំផងដែរ កាលពីល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះដើម្បីទប់ស្កាត់រាល់សកម្មភាពខុសច្បាប់លួចលាក់លេងល្បែងស៊ីសង ក៏ដូចជាការទប់ស្កាប់រាល់ការប្រមូលផ្តុំគ្នាច្រើនផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ក្រោមការណែនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលជំរុញលើការងារពង្រឹងបទល្មើស ពិសេសល្បែងស៊ីសងគ្រប់ប្រភេទ និងក្រោមការសម្របសម្រួលពី លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ នៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ លោកបានចុះដឹកនាំ កម្លាំងអន្តរាគមន៍បង្ការបង្ក្រាប សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានបង្ក្រាបទីតាំងប្រព្រឹត្តល្បែងភ្នាល់ទឹកភ្លៀងក្នុងក្រុង ២កន្លែងដើម្បីទប់ស្កាត់រាល់សកម្មភាពខុសច្បាប់លួចលាក់លេងល្បែងស៊ីសង ក៏ដូចជាការទប់ស្កាប់រាល់ការប្រមូលផ្តុំគ្នាច្រើនផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបន្តថា ប្រតិបត្តិការខាងលើនេះធ្វើឡើងចំនួន ០២ទីតាំងនៅត្រង់ចំណុចភូមិអញ្ចាញ សង្កាត់ អូរចារ និងត្រង់ចំណុចក្នុងព្រលានយន្តហោះវាលបែកចាន ស្ថិតក្នុងភូមិរំចេក៤  សង្កាត់រតនៈ ក្រុងបាត់ដំបង ក្នុងនោះបាននាំខ្លួនជនដែលញៀនលេងផ្ទាល់ចំនួន០៥នាក់ ជាមួយមធ្យោបាយរថយន្ត៣គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។

លោកបញ្ជាក់ថា ករណីខាងលើនេះសមត្ថកិច្ចតែងតែចុះបង្រ្កាបជាបន្តបន្ទាប់ ថែមទាំងបានឃាត់ខ្លួនអ្នកប្រព្រឹត្តទាំងនោះបញ្ជូន ទៅកាន់សាលាដំបូងទៀតផង ដើម្បីអនុវត្តតាមច្បាប់ ប៉ុន្តែពួកគាត់នៅតែមិនបោះបង់ បែរជាបំបែកគ្នាជាក្រុមតូចៗនៅតាមទីវាលស្រែឆ្ងាយៗមើលផ្ទៃមេឃរួចភ្នាល់គ្នាដាក់លុយតែម្តង។

ក្រោយពីឃាត់ខ្លួនជនទាំង០៥នាក់ព្រមទាំងសម្ភារៈភស្តុតាង ត្រូវបានកម្លាំងការិយាល័យជំនាញរៀបចំក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕

Facebook Comments
Loading...