រយៈពេល១ថ្ងៃមានករណីស្លាប់ដោយលង់ទឹកចំនួន២នាក់ បន្តបន្ទាប់គ្នានៅស្រុកក្រគរ

0
489

ខេត្តពោធិ៍សាត់ ៖ រយៈពេល១ថ្ងៃមានករណីស្លាប់ដោយលង់ទឹកចំនួន២នាក់ បន្តបន្ទាប់គ្នានៅស្រុកក្រគរ ដោយខុសគ្នាត្រឹមតែម៉ោងប៉ុណ្ណោះ ដែលហេតុការណ៍កើតឡើងកាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នេះស្ថិតនៅភូមិកណ្ដាល ឃុំឈើតុំ និងនៅក្នុងភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកស្រុកក្រគរ បានឲ្យដឹងថាយ៉ាងហោចមានមនុស្សចំនួន២នាក់ បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់គ្នា ដោយសារករណីលង់ទឹកពីលើកផ្សេងគ្នា ដែលករណីទី-១ បានកើតឡើងត្រង់ចំណុចប្រឡាយទឹកផ្នែកខាងមុខផ្ទះជនរងគ្រោះឈ្មោះលុយ ឡូត ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្ថិតនៅភូមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ស្ដ្រីជាប្រពន្ធឈ្មោះ ស៊ឹម ឡាត អាយុ៤៣ឆ្នាំ មានកូនប្រុសស្រីចំនួន៣នាក់ បានបញ្ជាក់ថាប្ដីគាត់មានជំងឺប្រចាំកាយ ហើយមុនកើតហេតុគាត់ប្រាប់ថាទៅបេះស្លឹកម្កាក់ បាត់យូពេកក៍នាំគ្នាដើររកស្រាប់តែប្រទះឃើញលង់ទឹកស្លាប់តែម្តង។

លោកអធិការបន្តទៀតថា ដោយឡែក១ករណីទៀតបានកើតឡើងត្រង់ចំណុចស្រះទឹកផ្នែកខាងក្រោយផ្ទះជនរងគ្រោះឈ្មោះ វៃ គឹមឡាង ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្ដ្រីជាម្ដាយបង្កើតឈ្មោះ ឡុំ ឡាយ អាយុ ៥៣ឆ្នាំ បានបញ្ជាក់ថាកូនស្រីរងគ្រោះមានជំងឺប្រចាំកាយ(ស្កន់ជ្រូក)មុនកើតហេតុគាត់បានទៅផ្ទះក្បែនោះ ក្នុងគោលបំណងផ្ញើរលុយទិញថ្នាំឲ្យកូនស្រីរងគ្រោះ ស្រាប់តែបាត់កូនស្រីមិនដឹងទៅណា ភ្លាមនោះឲ្យចៅដើររកក៍ប្រទះឃើញក្នុងស្រះទឹក ទើបនាំគ្នាស្រង់យកមកធ្វើចលនា ប៉ុន្តែកូនស្រីបានស្លាប់បាត់បង់ជីវិតហើយ ករណីលង់ទឹកស្លាប់មនុស្ស២នាក់ខាងលើ សមត្ថកិច្ចសហការគ្នាចុះពិនិត្យ និងធ្វើកំណត់ហេតុត្រឹមត្រូវ ដើម្បីប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

គួររំលឹកថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ប្រទះឃើញសពអណ្ដែតទឹកស្ទឹងពោធិ៍សាត់ម្នាក់ដែរ ស្ថិតនៅភូមិតាស្ដី ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ សពសមត្ថកិច្ចពិនិត្យពុំមានអ្វីគត់សម្គាល់ករណីផ្សេងទេ ប៉ុន្តែសមត្ថកិច្ចស្រាវជ្រាវរកពុំស្គាល់អត្តសញ្ញាណនោះទេ ក៍សម្រេចបូរជានៅកន្លែងនោះតែម្ដង៕

Facebook Comments
Loading...