រថយន្តធុនធំដឹកស្រូវ១គ្រឿងបើកគេចម៉ូតូរ៉េចង្កូតទៅបុកបង្កាន់ដៃស្ពានជាប់ទៅមុខលែងរួច

0
195

ខេត្តកណ្ដាល ៖ រថយន្តធុនធំដឹកស្រូវបើកគេចពីម៉ូតូបានជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានគៀបជាប់ទៅមុខលែងរួច ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទី ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវលេខ១១០ ក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 4A.0552 បើកបរដោយឈ្មោះ ហាប់ ប្រុស អាយុ៣០ឆ្នាំ មុខរបរបើកឡានដឹកស្រូវ មានទីលំនៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល បើកបរក្នុងទិសដៅពីកើតទៅលិច( ស្អាង-ភ្នំពេញ) ពេលបើកមកដល់ចំណុចកើតហេតុក៏បានគេចម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ មិនចាំស្លាកលេខដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា(ភ្នំពេញ-ស្អាង) រួចក៏បានរេចង្កូតជ្រុលទៅបុកនឹងបង្កាន់ដៃស្ពាន បណ្តាលឲ្យបាក់បង្កាន់ដៃស្ពានគៀបជាប់ទៅមុខលែងរួច តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ហើយក្រោយកើតហេតុអ្នកបើកម៉ូតូបានបន្ថែមល្បឿនគេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់ ហើយបានយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

Facebook Comments
Loading...