ដោយសារនិយាយដោះស្រាយគ្នាមិនចេញពេញមួយព្រឹក កម្មកររោងចក្រជាង៥០០នាក់ធ្វើបាតុកម្មបិទផ្លូវទាមទារដំណោះស្រាយ

0
664

ភ្នំពេញ ៖ ក្រុមកម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោឃែនធើនអឹភែរឹល ដោយសារតែនិយាយគ្នាមិនត្រូវ បានធ្វើបាតុកម្មបិទផ្លូវដើម្បីសុំកិច្ចអន្តរាគមន៍រកដំណោះស្រាយ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ស្ថិតនៅតាមបណ្តោយមហាវិថីចោមចៅ(វេងស្រេង) ក្នុងភូមិត្រពាំងថ្លឹង៣  សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីកម្មករបានឱ្យដឹងថា រោងចក្រខាងលើមានកម្មករសរុបជាង៥០០នាក់ បម្រើការងារវិស័យកាត់ដេរសម្លៀកបំពាក់ ហើយកាលពីមុនបិទផ្អាកការងារ ដោយសារផ្ទុះជំងឺកូវីដ-១៩ ក្នុងខែមីនា កម្មករធ្វើការងារបាន១៤ថ្ងៃ មិនទាន់បានបើកប្រាក់ខែផងក៏ផ្ទុះជំងឺឆ្លង ធ្វើឱ្យរោងចក្រត្រូវបិទផ្អាកបណ្តោះអាសន្នអូសបន្លាយអស់រយៈពេលជាង១ខែ ទម្រាំសង្កាត់ចោមចៅ១បានធូរស្រាលមកវិញ ខាងរោងចក្របានតម្រូវឲ្យកម្មករចូលធ្វើការងារវិញនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ដោយសន្យាគោរព អនុវត្តទៅតាមគោលការណ៍របស់ក្រសួងការងារដែលបានផ្សព្វផ្សាយកន្លងមកថ្មីៗនេះ លុះដល់កម្មករចូលធ្វើការតាមការប្រកាសរបស់រោងចក្រហើយ អ្វីដែលកម្មករមិនយល់ស្របនោះ គឺខាងរោងចក្រមិនបានគោរពតាមគោលការណ៍របស់ក្រសួងការងារឡើយ ដោយប្រាក់ខែក្នុងខែមីនា កម្មករធ្វើការបាន១៣ថ្ងៃមិនបានបើកទេហើយប្រាក់៥០ភាគរយក្នុងខែមេសា ក៏មិនបានបើកដូចសេចក្តីប្រកាសទៀត ខណៈដែលប្រាក់ខែកម្មករចំនួន១៩០ដុល្លារ បើគិតជា៥០ភាគរយ ត្រូវបាន៩៥ដុល្លារ ក៏ប៉ុន្តែខាងរោងចក្រ បើកឲ្យកម្មករត្រឹមតែ៥០ដុល្លារ សល់ប៉ុន្មានជំពាក់សិន ទើបកម្មករមិនយល់ព្រម និយាយដោះស្រាយគ្នាមិនចេញពេញមួយព្រឹក រហូតមកដល់វេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃនេះ កម្មករចេញមកបិទផ្លូវចោមចៅដើម្បីស្វែងរកដំណោះស្រាយតែម្តង ។

ក្រោយពីក្រុមកម្មករធ្វើការបិទផ្លូវទាំងស្រុងធ្វើឲ្យចរាចរណ៍មានការកកស្ទះខ្លាំងមកទើបលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ មកធ្វើការសម្របសម្រួល ដោយពន្យល់ណែនាំឲ្យកម្មករព្រមយកត្រឹមតែ៥០ដុល្លារសិនរង់ចាំបើកជូននៅថ្ងៃបន្តបន្ទាប់ទៀត។ ក្រោយពីមានការសម្របសម្រួលរួចមកក្រុមកម្មករក៏យល់ព្រមនិងបំបែកជូរបើកលុយ៥០ដុល្លារទៅផ្ទះរៀងៗខ្លួនវិញ៕

Facebook Comments
Loading...