លោកសុខ សម្បត្តិ ដឹកនាំកម្លាំងគណបញ្ជាការឯកភាពខណ្ឌចុះចងខ្សែបិទទីតាំងបែងចែកផលនេសាទត្រីភូមិពោធិមង្គលរយៈពេល១៤ថ្ងៃ

0
736

ភ្នំពេញ ៖ បន្ទាប់ពីចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌព្រែកព្នៅចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ សម្រេចផ្អាកដំណើរការទីតាំងបែងចែកផលនេសាទត្រី(យឿត្រី)ដែលស្ថិតនៅភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នាយប់ថ្ងៃទី២៦ ខែមេសានេះ រដ្ឋបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានចុះចងខ្សែបិទទាំងស្រុងតែម្តងនៅទីតាំងយឿត្រីនេះ។

លោកសុខ សម្បត្តិ បានឲ្យដឹងថា ការបិទទីតាំងយឿត្រីនេះដោយសារស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានបងប្អូនអាជីវករនិងប្រជាពលរដ្ឋបានឆ្លងវីរុសកូវីដ១៩ក្នុងសហគមន៍២០កុម្ភៈ ដែលស្ថានភាពនេះបានឆ្លងរាលដាលយ៉ាងឆាប់រហ័សគួរឲ្យព្រួយបារម្ភបំផុត នឹងចាំបាច់ត្រូវមានវិធានការសុខាភិបាលត្រូវទប់ស្កាត់ជាបន្ទាន់។

លោកបន្តថាចំពោះមុខរដ្ឋបាលខណ្ឌសុំផ្អាកដំណើរការជាបណ្ដោះអាសន្នទីតាំងយឿត្រីនេះ រយៈពេល១៤ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ដល់បងប្អូនអាជីវករអតិថិជនក៏ដូចជាប្រជាបងប្អូនប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងយឿត្រីខាងលើ។

ក្នុងនោះផងដែរលោកអភិបាលខណ្ឌ សូមអំពាវនាវដល់បងប្អូនអាជីវករចេញចូលនៅក្នុងទីតាំងយឿត្រីខាងលើសូមមានការយល់អធ្យាស្រ័យនិងចូលរួមអនុវត្តតាមសេចក្តីជួនដំណឹងនេះឲ្យមានប្រសិទ្ធភាពហើយក្នុងករណីបងប្អូនមិនសហការទេគណៈបញ្ជាការឯកភាពខណ្ឌនឹងអនុវត្តទៅតាមច្បាប់ជាធរមាន៕

Facebook Comments
Loading...