បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនីទាំងអស់កុំដាក់ទោសចំពោះអ្នក​ដែលជួយយើង ហើយទៅជឿលើអ្នកដែលមិនបានជួយអ្វីសោះនោះ

0
157

ភ្នំពេញ ៖ ក្នុងពិធីចែកជំនួយជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៣៤៥គ្រួសារ កា​លពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដែលរស់នៅក្នុងសហគមន៍ចំនួន១០ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខណៈដែររាជរដ្ឋាភិបាលបានសម្រេច​បិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ-១៩ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការនីទាំងអស់កុំដាក់ទោស ចំពោះអ្នកដែលជួយយើង ហើយទៅជឿលើអ្នកដែលមិនបានជួយអ្វីសោះនោះ។

លោកអភិបាលរាជធានីភ្នំពេញបានបន្តថា សម្ដេចបានខិតខំខ្លាំងខ្លាំងណាស់ ក្នុងការស្វែងរកអ្នកវិនិយោគទុនមកវិនិយោគនៅកម្ពុជាដើម្បីឱ្យបងប្អូនកម្មករកម្មការិនីរបស់យើងមានការងារធ្វើរហូតមកដល់សព្វថ្ងៃនេះ។ ដូច្នេះសូមបងប្អូនកុំដាក់ទោស ចំពោះអ្នកដែលជួយយើងអោយសោះ ហើយត្រូវតែយោគយល់ខណៈដែររាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកបានឲ្យដឹងទៀតថា ជំងឺកូវីដ-១៩ បានកើតឡើងនៅទូទាំងពិភពលោក ហើយបងប្អូនកម្មករកម្មការិនីនៅឯបរទេស ក៏បានប្រឈមមុខនូវជំងឺកូវីដ-១៩នេះផងដែរ។ ដោយឡែកសម្រាប់បងប្អូនកម្មករ កម្មការិនីនៅកម្ពុជា ដែលមានបញ្ហាជម្ងឺកូវីដ-១៩នេះ ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ ដោយបានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ជួយសម្រួលដល់ជីវភាពរបស់បងប្អូនកម្មករកម្មការិនីថែមទៀត។ នេះជាការយកចិត្តទុកដាក់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកឃួង ស្រេង បានបញ្ជាក់ថា  ជាការឆ្លើយតបនឹងសភាពការណ៍នេះ សម្ដេចតេជោក៏បានចាត់ចែងឱ្យមានការចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគភ្លាមៗ ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ត្រូវបិទខ្ទប់។ ស្ថិតក្នុងស្ថានភាពនេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងអនុវត្ត ៣កុំ ៣ការពារ ជាប់ជានិច្ច។

ក្នុងនោះផងដែរលោក សុខ សម្បត្ដិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានឱ្យដឹងថា ការចែកអំណោយនាពេលនេះ គឺមានប្រជាពលរដ្ឋ ១៣៤៥គ្រួសារ ដែលរស់នៅក្នុង៤សហគមន៍ភូមិអណ្ដូង១,២,៣ និងសហគមន៍ភូមិថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ អំណោយរបស់សម្ដេចតេជោហ៊ុន សែន ដែលលោកឃួង ស្រេង យកមកចែកជូនបងប្អូននៅពេលនេះ គឺមាន អង្ករ២៥គីឡូក្រាម ,ទឹកត្រី១យួរ ,ទឹកស៊ីអ៊ីវ១យួរ, មីមួយកេស និងត្រីខមួយយួរ ក្នុងមួយគ្រួសារៗ គឺទទួលបានស្មីៗគ្នាទាំងអស់៕  .

Facebook Comments
Loading...