រណ្តាប់ទទួលទេវតានៅក្នុងឱកាសចូលឆ្នាំថ្មី ជារៀងរាល់ឆ្នាំមានអ្វីខ្លះ

0
2995

ភ្នំពេញ ៖ រណ្តាប់ទទួលទេវតាតាមទំនៀមទម្លាប់ពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីកាផ្សេងៗ ហើយសម្រាប់បាយសី និងគ្រឿងសក្ការបូជា មានផ្លែឈើជាដើមគឺរៀបទៅតាមធនធានរបស់ខ្លួន ខណៈពេលទេវតាចុះត្រូវតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក នោះជាការប្រពៃហើយ។

រានទទួលទេវតាត្រូវរៀបក្រាលសំពត់ពណ៌សហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ធូប៥ លាច៥ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខរៀបដាក់ជើង១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។

ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យសមាទានសីលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។

ចំពោះបាយសី៩ថ្នាក់៧ថ្នាក់ ជាទំនៀមទម្លាប់មានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាសនិងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម៥ថ្នាក់ចុះមកឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទានប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរ។

ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀបឲ្យបានត្រឹម៣ ឬ៥មុខក៏ជាការប្រសើរគឺរៀបទៅតាមធនធានរបស់ខ្លួន។នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើជើងពាននិងលើបាយសីត្រូវដោតដោយទៀនហើយដុតបំភ្លឺ៕

Facebook Comments
Loading...