ឃាតករដៃឆៅជាពូបង្កើត សម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ នៅខណ្ឌច្បារអំពៅត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

0
632

ភ្នំពេញ ៖ ករណីឃាតកសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដោយគេប្រទះឃើញសព នៅក្នុងព្រៃតាមបណ្ដោយផ្លូវថៃហ្គ័រ ស្ថិតក្នុងភូមិបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ត្រូវកម្លាំងនគរបាលជំនាញ ស្រាវជ្រាវចាប់ជនដៃដល់បានហើយត្រូវជាពូបង្កើតរបស់ជនរងគ្រោះ កាលពីយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅវត្តជ្រោយអំពិល ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លុះដល់វេលាថ្ងៃត្រង់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលជំនាញ កំពុងនាំខ្លួនជនដៃដល់ទៅកន្លែងកើតហេតុ ដើម្បីធ្វើត្រាប់អំពីសកម្មភាពដែលបានសម្លាប់ក្មួយប្រុសបង្កើតរបស់ខ្លួន។ សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ អុន ភាម៉ុន អាយុ៣១ឆ្នាំ រស់នៅសង្កាតក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនដៃដល់បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះ ដែលត្រូវជាក្មួយបង្កើតប្រាកដមែន ដោយមូលហេតុ ខឹងជនរងគ្រោះវាយក្បាល២ដង គ្រាដែលខ្លួនតំណមមិនឲ្យនរណាវាយក្បាលនោះទេ ដូច្នេះហើយដោយប្រាប់ទៅជនរងគ្រោះមិនស្ដាប់ ជនដៃដល់បានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះតែម្ដង។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។

ក្នុងរង្វង់ប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបបានជនដៃដល់នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ, ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអង្គការ CPU ។

ក្មេងប្រុសអាយុ១០ឆ្នាំ បាត់ពីផ្ទះប៉ុន្មានថ្ងៃហើយត្រូវគេប្រទះឃើញសពនៅក្នុងព្រៃ បង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវថៃហ្គ័រ ស្ថិតក្នុងភូមិបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ សង្ស័យជាករណីឃាតកម្ម។ ក្មេងប្រុសរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ជា ប៊ុនហេង រស់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ។

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង៧ល្ងាច ឪពុកម្តាយរបស់ក្មេងអាយុ១០ឆ្នាំម្នាក់នេះ បានរាយការណ៍មកកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បន្ទាប់ពីក្មេងនេះមិនបានត្រលប់មកផ្ទះបន្ទាប់ពីបានទៅលេងទាត់បាល់។ សាក្សីបញ្ជាក់ប្រាប់ក្រុមគ្រួសារថា បានឃើញក្មេងរងគ្រោះជិះម៉ូតូឌុបមុនពេលបាត់ខ្លួន។ ក្រោយមកបានផ្ដល់ព័ត៌មានទៅសមត្ថកិច្ច ទើបស្រាវជ្រាវរកឃើញក្មេងប្រុសខាងលើ ត្រូវគេសម្លាប់បាត់ទៅហើយ៕

Facebook Comments
Loading...